សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរសំណេរតាមរយះបណ្តាញផ្លូវការនាព្រឹកថ្ងៃទី ២៩ មីនា ឆ្នាំ២០២៥នេះថា " ជាដំបូងខ្ញុំសូមចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ នៅរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ"។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានបន្តថា "ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់ នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ"។
ក្នុងសំណេរ សម្តេចបវរធិបតី បានបញ្ជាក់ថា "សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាន និងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា"។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានអំពាវនាផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ៕