ចោរឆក់ទូរស័ព្ទភ្លែត សមត្ថកិច្ចដេញ ឃាត់ខ្លួនជនសង័្សយបានភ្លាមៗ

25-មិនា-2025 - ម៉ោង 03:50:PM

រាជធានីភ្នំពេញ៖ ចោរ២នាក់ បាននាំគ្នាជិះម៉ូតូ ឆក់ទូរស័ព្ទរបស់ជនរងគ្រោះ ហើយបានរត់គេចខ្លួន តែសមត្ថកិច្ច បានចេញប្រតិបត្ដិការ ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ម៉ាក HONDA ZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-7858 ចេញពីធ្វើការ នៅស្ថានីយទូរទស្សន៍-វិទ្យុបាយ័ន ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លុះពេលជនរងគ្រោះ បានធ្វើដំណើរ មកដល់ចំណុចមុខរោងចក្រស្រាបៀរកម្ពុជា តាមផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កា ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ដកទូរស័ព្ទដៃ ម៉ាក I Phone 12 Pro Max ពណ៌ខៀវ ចេញពីក្នុងហោប៉ៅខោ ចុចឆាតទៅមិត្តភក្ដិ ស្រាប់តែចោរ២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0869 មកដល់ ឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយបានបើកម៉ូតូគេចខ្លួន។ ប៉ុន្ដែភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ដែលកំពុងតែជិះម៉ូតូល្បាត បានឃើញទាន់ ក៏ចេញធ្វើអន្តរាគមន៍ ដេញឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្ដង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់៕

ពត័មានពេញនិយម