ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ធ្លាប់ជាប់ពន្ធនាគារ ព្រោះតែរឿងវាយតប់នៅក្នុងគ្រួសារ លុះពេលគេរួចចេញពីគុក ហើយមានសេរីភាពឡើងវិញ បែរជាបង្កហិង្សា ទាញដំបងវាយកម្ទេចទ្រព្យសម្បត្ដិរបស់ជនរងគ្រោះជាបងថ្លៃ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន នាំទៅចាត់ការតាមច្បាប់។
មន្ត្រីនគរបាលស្រុកបសេដ្ឋ បានឱ្យដឹង ថា កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មានករណីបុរសម្នាក់ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ដរបស់បងថ្លៃ នៅក្នុងភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក សមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង័្សយ ឈ្មោះ ទឹម សារឿន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។ ជនដៃដល់ បានយកដំបងប្រវែង៦០សង់ទីម៉ែត្រ វាយបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ធឿង សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ដែលត្រូវជាបងថ្លៃរស់នៅភូមិ-ឃុំ។ អំពើហិង្សានេះ បានបំផ្លិចបំផ្លាញចានឆ្នាំង, បង់អង្គុយ, តុ, ទូ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
មន្ត្រីនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ ថា ជនសង័្សយ ជាមនុស្សមានចរិតកាចសាហាវ ហើយធ្លាប់ជាប់ពន្ធនាគារ ចំនួន១លើករួចមកហើយ ពាក់ព័ន្ធនឹងករណីហិង្សានៅក្នុងគ្រួសារ។ ប៉ុន្ដែក្រោយពេលគេបានអនុវត្ដទោសតាមច្បាប់កំណត់រួចមក តុលាការក៏បានដោះលែងឲ្យមានសេរីភាពឡើងវិញ តែគេនៅតែពុំរាងចាល និង មិនកែប្រែចរិតឲ្យក្លាយជាមនុស្សល្អ ហើយនៅតែប្រព្រឹត្ដដូចមុនដដែល ។
ជនសង័្សយ បានសារភាព ថា រូបគេ ពិតជាបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតបស់ជនរងគ្រោះ ជាបងថ្លៃប្រាកដមែន។ ករណីនេះក៏ដោយសារគេបានខឹងសម្បា ជាមួយនឹងបងថ្លៃ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕