ភ្នំពេញ៖ គម្រោងដាក់លូមូលអង្គត់ផ្ចិត ១ម៉ែត្រ ប្រវែងជាង ២៥០ម៉ែត្រ លើកំណាត់ផ្លូវលេខ២៨៣ ក្នុងខណ្ឌទួលគោក សម្រេចបាន ៧៥% គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លូមូលនេះ ត្រូវបានដាក់កប់ក្នុងជម្រៅ ២ម៉ែត្រ ស្របតាមផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី២ ចាប់ពីផ្លូវលេខ៥២៨ រហូតដល់កែងផ្លូវលេខ៦០៨ ហូរមកស្ថានីយ៍បូមទឹកទួលគោកទី២។
គម្រោងនេះ មានសារៈសំខាន់ក្នុងការបញ្ជៀស និងរំដោះការលិចទឹកភ្លៀង នៅក្នុងតំបន់សំខាន់ៗដូចជា៖ សង្កាត់បឹងកក់ទី១ និងទី២ តំបន់ឃ្លាំង សំភារៈកណ្តាល តំបន់បឹងកក់ ផ្លូវលេខ២៨៥ និងកំណាត់ផ្លូវលេខ៦០៨ ជាពិសេស ទទួលទឹកពីភូមិសាស្រ្តខណ្ឌទួលគោក ក្នុងរដូវវស្សា។