ខេត្តកោះកុង ៖ កាលពីព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៥ មានអ្នកស្រុក៣នាក់បានដើរក្នុងព្រៃរកបេះផ្លែគុយ លុះដើរទៅដល់ចំណុចបង្គោលគីឡូលេខ៣៨ តាមបណ្តោយផ្លូវជាតិលេខ១០ចាស់ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏ប្រទះឃើញវ៉ាលីសមួយកប់ដីនៅក្បែរផ្លូវនោះ ។
អ្នកដើរបេះគុយមិនបានចាប់អារម្មណ៍ទៅលើវ៉ាលីសនោះភ្លាមទេ ហើយក៏ចេះតែនាំគ្នាដើររកបេះផ្លែផល្លា រហូតដល់វេលាម៉ោងប្រមាណ៧យប់ថ្ងៃដដែល ទើបនាំគ្នាយកដំណឹងនេះទៅរាយការណ៍ប្រាប់សមត្តកិច្ចកងរាជអាវុធហត្ថ ដែលមានមូលដ្ឋានប្រចាំការនៅទីនោះ ដើម្បីទៅពិនិត្យមើលឲ្យដឹងការពិតថា តើនៅក្នុងវ៉ាលីសមានរបស់អីវទៅ ដែលគេយកទៅផ្លុងចោលនោះ ។ លុះពេលដែលបានបើកវ៉ាលីរួចក៏ឃើញថា ជាសាកសពមនុស្សម្នាក់ ដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ ។
ក្រោយពេលដឹងថា នៅក្នុងវ៉ាលីសនោះមានសាកសពយ៉ាងដូច្នោះ កម្លាំងកងរាជអាវុធហត្ថបានជូនដំណឹងភ្លាម ទៅសមត្តកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ពីមូល ដ្ឋានរហូតដល់ស្រុក.ខេត្ត ដើម្បីបង្កើតគណៈទៅពិនិត្យកន្លែងកើតហេតុ ។
ប្រភពពត៌មានបានបន្តរថា លុះព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ គេបានឃើញកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌល សីមា សហការជាមួយ ការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ដោយមានបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត កោះកុង ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលា ដំបូងខេត្ត បានចុះទៅពិនិត្យវ៉ាលីសនោះក៏ឃើញមានសាកសពមនុស្សស្លាប់ពិតប្រាកដមែន ។
ប្រភពដដែលបានបន្តរទៀតថា ពេលនោះគណៈកម្មការបានពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព ដែលជនរងគ្រោះមានស្ថានភាពហើមស្អុយរលួយ និងអាចត្រូវឃាតករសម្លាប់រយៈពេល៥ ថ្ងៃហើយ ដែលនោះសង្ស័យជាអំពើឃាតកម្ម ។ តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចបាន និងកំពុងដុតដៃដុតជើង ស្រាវជ្រាវលើករណីឃាតកម្មនេះ ដោយមិនទុកឲ្យជនដៃដល់បានរួចផុតពីសំណាញ់ច្បាប់នោះទេ ៕