ជនជាតិចិននិងភូមា ចង់មានបានឆាប់ នាំគ្នាជួញដូរគ្រឿងញៀនជាង១០០គីឡូក្រាម

ម្សិលមិញ ម៉ោង 10:24:AM

រាជធានីភ្នំពេញ៖ ជនជាតិចិនចំនួន៣នាក់ បានសហការគ្នាជាមួយនឹងជនជាតិភូមា ចំនួន២នាក់ បាននាំគ្នាជួញដូរគ្រឿងញៀន តែអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចកម្ពុជា បង្ក្រាប ឃាត់ខ្លួន និង ដកហូតបានសារធាតុញៀត ជាង១០០គីឡូក្រាម រួចហើយ បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ប្រភពពីមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹង ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ចុះស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតឈានដល់ការបង្ក្រាបក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនសារធាតុញៀនឆ្លងដែន ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង័្សយចំនួន ៥នាក់ រួមមាន៖ ជនជាតិភូមាចំនួន២នាក់ និង ជនជាតិចិនចំនួន៣នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀន សរុបទម្ងន់ជាង១០១គីឡូក្រោម។ សារធាតុញៀនទាំងនេះ ត្រូវបានក្រុមជនសង័្សយ នាំមកពីតំបន់ត្រីកោណមាស ហើយមានគោលដៅបន្តឆ្ពោះទៅកាន់ប្រទេសទី៣ តាមច្រកលំហសមុទ្រ។

ក្រោយពេលបង្ក្រាប និង ឃាត់ខ្លួនរួចមក សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង័្សយ និងវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម