ខេត្តសៀមរាប៖ ខ្យល់ព្យុះកំណាច បានវាយប្រហារគួរឲ្យភ័យខ្លាច ដោយបានបំផ្លិចបំផ្លាញរបស់របរ និង ទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដខេត្តសៀមរាប។
បើតាមឃ្លីបវីដេអូជាច្រើន ត្រូវបានគេថត យកមកបង្ហោះ នៅតាមបណ្ដាញសង្គមនានា ឃើញទិដ្ឋភាព នៃខ្យល់ព្យុះដ៏កំណាចនេះ បានវាយប្រហារទៅលើតូបលក់ដូរ និង ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ដខេត្តសៀមរាប បណ្ដាលឲ្យបើករសាត់ និង ខូចខាត ដោយមើលទៅគួរឲ្យភ័យខ្លាចបំផុត។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានសរសេរសារ និង រូបភាពជាច្រើនសន្លឹក បង្ហោះនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ «Prak Sophoan» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ថា៖«ពិតជាគួរឲ្យសោកស្តាយណាស់ ដែលបាតុភូតខ្យល់កន្ត្រាក់ បានបក់បោកចូលដល់ក្រុង និង ស្រុកមួយចំនួន ធ្វើឲ្យបងប្អួនយើង ចំនួន៥នាក់រងរបួស ហើយបានប៉ះពាល់ដល់ផ្ទះសម្បែង និង ម៉ូតូមួយចំនួន ផងដែរ។
គណនីហ្វេសប៊ុកដដែល បានសរសេរបន្ដ ថា៖«រដ្ឋបាលខេត្តបានសហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងចុះពិនិត្យជួយឲ្យយអស់លទ្ធភាព។ សូមអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់មើលថែទាំអ្នករងរបួសទាំងអស់ទាន់ពេលវេលា ហើយក៏សូមអរគុណដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានជួយសម្អាត រក្សាស្ថានភាពផ្លូវឲ្យបានល្អដូចដើម ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរទាំងអស់»៕