បុរសម្នាក់ បើករថយន្ដដឹកធូបចេញពីវៀតណាម មកក្រឡាប់ផ្ងារជើងនៅរាជធានីភ្នំពេញ

ម្សិលមិញ ម៉ោង 10:13:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តដឹកធូប ចេញពីប្រទេសវៀតណាម ចូលមកកាន់រាជធានីភ្នំពេញ កាត់ភ្លៀងរលឹមយ៉ាងលឿន ស្រាប់តែក្រឡាប់ផ្ងារជើង បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវព្រៃស ស្ថិតក្នុងភូមិពងទឹក សង្កាត់ពឹងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍នោះ មានរថយន្ត ម៉ាកសាំងយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-0021 ដឹកធូបចេញពីវៀតណាម ចូលមកដល់រាជធានីភ្នំពេញ ហើយបានបើកបរយ៉ាងលឿន កាត់ភ្លៀងរលឹម តាមបណ្តោយផ្លូវបេតុងព្រៃស នៅក្នុងទិសដៅពីលិចទៅកើត។ លុះពេលរថយន្ដបានបើកទៅដល់ត្រង់ចំណុចកើតហេតុ ដែលផ្លូវមានស្ថានភាពកោង ស្រាប់តែរថយន្ដបានក្រឡាប់ផ្ងារជើងចង្គ្រាង បណ្ដាលឲ្យអ្នកបើកបររងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង អនុញ្ញាតឲ្យម្ចាស់យករថយន្តស្ទូចមកស្ទូច យករថយន្តនោះទៅជួសជុលដោយខ្លួនឯង៕

ពត័មានពេញនិយម