រដ្ឋធានីម៉ានីល៖ កងទ័ពហ្វីលីពីន បានអះអាង ថា កងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីន និង សហរដ្ឋអាមេរិក មានចំនួន៥០០០នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍ ចាប់តាំងពីថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ តទៅ ហើយសមយុទ្ធរយៈពេលយូរនេះ បានផ្ដោតលើគោលដៅយ៉ាងសំខាន់ សម្រាប់ការការពារទឹកដី និង មានបទបញ្ជាដាក់ពង្រាយកងម្លាំងយោធាទ្រង់ទ្រាយធំ។
សារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ថា កងទ័ពហ្វីលីពីន និង កម្លាំងយោធារបស់សហរដ្ឋអាមេរិក ប្រចាំនៅប៉ាស៊ីហ្វិក សរុប ៥០០០ពាន់នាក់ បានចូលរួមធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងការប្រយុទ្ធ និងការចែករំលែកបទពិសោធន៍ និង ជំនាញ នៅក្នុងដំណាក់កាលដំបូង នៃសមយុទ្ធប្រចាំឆ្នាំ២០២៥ ឈ្មោះ សាលាក់នីប (Salaknib) ។ សមយុទ្ធដំណាក់កាលទី២ គ្រោងនឹងធ្វើបន្ដទៀត នៅចុងឆ្នាំ២០២៥។
មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា លោក ផេថេ ហេគសេត (Pete Hegseth) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅសប្តាហ៍នេះ ដើម្បីជួបមេដឹកនាំ និង ក្រុមមន្រ្ដីយោធាជាន់ខ្ពស់របស់ហ្វីលីពីន។
កងទ័ពហ្វីលីពីន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា សមយុទ្ធយោធានេះ នឹងផ្តោត លើការពង្រឹងសហប្រតិបត្តិការរួមគ្នា រវាងកងទ័ពរបស់ពួកគេ ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត និង ការការពារទឹកដី។
សមយុទ្ធ Salaknib បានចាប់ផ្តើម នៅក្នុងឆ្នាំ២០១៦ ហើយជាការចូលរួមប្រចាំឆ្នាំ រវាងសម្ពន្ធមិត្ត នៃសន្ធិសញ្ញា រវាងសហរដ្ឋអាមេរិក និង ហ្វីលីពីន ដែលជាផ្នែកមួយ នៃសមយុទ្ធហ្វឹកហាត់ Balikatan (បាលីកាតាន់) យ៉ាងទូលំទូលាយ ដែលគេហៅ ថា ស្មាកៀកស្មាគ្នា។ ការជំរុញឲ្យមានការចូលរួមផ្នែកសន្តិសុខ រវាងប្រទេសទាំងពីរ បានកើនឡើងខ្លាំង ក្រោមអំណាចរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr) ដែលបានងាកទៅរកសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី ម៉ាកូស បានផ្តល់អាទិភាពដល់ការរក្សាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ហើយបានរារាំងសកម្មភាពម្តងហើយម្តងទៀត ជាមួយនឹងមហាយក្សចិន ជុំវិញសកម្មភាពរបស់ក្រុងប៉េកាំង នៅតាមផ្លូវទឹក ដែលមានជម្លោះ រួមទាំងវត្តមានឥតឈប់ឈរ នៃកងកម្លាំងឆ្មាំឆ្នេរសមុទ្ររបស់ចិន នៅជិតតំបន់មានជម្លោះ ស្ថិតក្នុងតំបន់ដែនសមុទ្ររបស់ប្រទេសហ្វីលីពីន៕