ពូទីន ព្រមទទួលតាមសំណើមួយចំនួនរបស់ដូណាល់ត្រាំ ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន

19-មិនា-2025 - ម៉ោង 09:36:AM

រដ្ឋធានីកៀវ៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ បានបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន មានតម្លៃរាប់រយពាន់លានដុល្លារ និង បានសម្លាប់មនុស្សយ៉ាងច្រើន ប៉ុន្ដែឥឡូវ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានយល់ព្រមទទួលយកតាមសំណើមួយចំនួនរបស់សមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើការបញ្ឈប់នូវការវាយប្រហារ ទៅលើរោងចក្រថាមពល ប៉ុន្ដែមិនមែនជាបទឈប់បាញ់យ៉ាងទូលំទូលាយនោះឡើយ។

ទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានច្រានចោលនូវបទឈប់បាញ់ភ្លាមៗ និង បទឈប់បាញ់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែមេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានយល់ព្រមបញ្ឈប់ការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការអំពាវនាវ ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

បើទោះជាយ៉ាងណាក៏ដោយ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានបដិសេធចុះហត្ថលេខាលើបទឈប់បាញ់យ៉ាងទូលំទូលាយ រយៈពេលមួយខែ តាមអ្វីដែលក្រុមអ្នកចរចារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចរចាជាមួយនឹងក្រុមមន្រ្ដីរបស់អ៊ុយក្រែន នៅក្នុងទីក្រុងជេដដាស់ (Jeddah) ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗនេះ។

លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា បទឈប់បាញ់ដ៏ទូលំទូលាយមួយ អាចដំណើរការទៅបាន លុះត្រាតែជំនួយយោធាបរទេស និង ការចែករំលែកការស៊ើបការណ៍ជាមួយអ៊ុយក្រែន ត្រូវបានបញ្ចប់។

ចាប់តាំងពីការផ្ទុះសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងកៀវ បានពឹងផ្អែកស្ទើរតែទាំងស្រុង ទៅលើជំនួយយោធា មកពីសម្ពន្ធមិត្តលោកខាងលិច និង ប្រទេសជាដៃគូ។ ទន្ទឹមគ្នានេះដែរ សម្ពន្ធមិត្តអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន កាលពីពេលកន្លងទៅនេះ បានច្រានចោលនូវលក្ខខណ្ឌបែបនេះរបស់រុស្ស៊ី។

បើទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក និង មេដឹកនាំរុស្ស៊ី បានព្រមព្រៀងគ្នា ថា កិច្ចចរចាសន្តិភាពបន្ថែមទៀត នឹងប្រព្រឹត្តទៅភ្លាមៗ នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែលទ្ធផល នៃការអំពាវនាវនេះ ស្មើនឹងការដើរថយក្រោយ ចេញពីគោលជំហរ នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបញ្ជាក់ កាលពីមួយសប្តាហ៍មុន។

ជាមួយគ្នានេះ លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា អ៊ុយក្រែន ព្រមទទួលយកគំនិត នៃបទឈប់បាញ់គ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធថាមពល ប៉ុន្តែចង់បានព័ត៌មានលម្អិតជាមុនសិន។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា៖«ខ្ញុំគិត ថា បទឈប់បាញ់នេះ នឹងជាការត្រឹមត្រូវ ដែលយើងនឹងមានការសន្ទនា ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយយើងនឹងដឹងយ៉ាងលម្អិតនូវអ្វីដែលរុស្ស៊ី បានផ្តល់ឲ្យអាមេរិកាំង ឬអ្វីដែលអាមេរិកាំងបានផ្តល់ឲ្យរុស្ស៊ី»៕

ពត័មានពេញនិយម