សមត្ថកិច្ចខេត្តតាកែវ បង្ក្រាបក្រុមក្មេងទំនើងចំនួន១៥នាក់ ដកហូតបានអាវុធនិងគ្រឿងញៀន

ម្សិលមិញ ម៉ោង 10:25:AM

 

ខេត្តតាកែវ៖ ក្រុមក្មេងទំនើង បានធ្វើសកម្មភាព ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និង កាន់កាប់អាវុធ ដោយខុសច្បាប់ ក៏ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បង្ក្រាប និង ឃាត់ខ្លួនជាបន្ដបន្ទាប់ ចំនួន១៥នាក់ ហើយបានកសាងសំណុំរឿង ចាត់ការតាមច្បាប់។

មន្រ្ដីនគរបាលស្រុកបាទី បានឲ្យដឹង ថា នៅមុនពេលឈានដល់ការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើការងារតាមជំនាញរបស់ខ្លួន ល្បាត និង ស្រាវជ្រាវ ហើយបានប្រទះឃើញជនសង័្សយចំនួន២នាក់ ហើយឃាត់ខ្លួនបានម្នាក់ ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ ការឃាត់ខ្លួនជនសង័្សយ ឈ្មោះ ហៃ ម៉េងហ័ង គឺសមត្ថកិច្ចបានឆែកឆេរ រកឃើញកាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខ AHCH៦២០ ចំនួន១ដើម និង ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុខុសច្បាប់ចំនួន៣កញ្ចប់តូច។ រីឯជនសង័្សយដែលបានរត់គេចខ្លួនបាត់ ឈ្មោះ ម៉ី ម៉ន។

ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីឃាត់ខ្លួនជនសង័្សយ ឈ្មោះ ហៃ ម៉េងហ័ង រួចមក សមត្ថកិច្ច បានសាកសួរតាមជំនាញរបស់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធជាបន្តបន្ទាប់ ចំនួន១៤នាក់បន្ថែមទៀត នៅថ្ងៃដដែលនោះ។ ជនសង័្សយទាំងអស់ សុទ្ធសឹងតែជាមុខសញ្ញាប្រើប្រាស់ និង ចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រស្រុកបាទី។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លី ចំនួន២ដើម និង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់ មួយចំនួនទៀត។

ក្រោយពេលបង្ក្រាបមករួច សមត្ថកិច្ច បានបញ្ជូនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និង បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម