ខេត្តព្រះសីហនុ៖ ជនសង័្សយ ចំនួន២នាក់ ធ្លាប់ជាប់ពន្ធនាគារ នៅតាមខេត្តចំនួន៣ ចេញមកវិញលួចកាច់កម៉ូតូបានសម្រេច ចំនួន២លើក ក៏អស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រុញបញ្ជូលគុកវិញ។
មន្រ្ដីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ថា កាលពីវេលាម៉ោង៥ និង ៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង័្សយចំនួន២នាក់ នៅចំណុចមហោស្រពចាស់ (បេនឡានតាក់ស៊ី) ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ព្រោះពួកគេជាមុខសញ្ញាសកម្ម និង មិនរាងចាល ពាក់ព័ន្ធនឹងករណីលួចកាច់បំបែកសោកម៉ូតូ ដែលបានប្រព្រឹត្ដ តាំងពីអំឡុងខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្រ្ដក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ប្រភពដដែល បានបន្ដ ថា ជនសង័្សយទាំង២នាក់នេះ មានប្រវត្ដិធ្លាប់ជាប់ពន្ធនាគារ នៅក្នុងខេត្តចំនួន៣ ហើយទើបរួចពីការអនុវត្ដទោសទណ្ឌ កាលពីពេលកន្លងមក។ ជនសង័្សយទាំង២នាក់នេះ រួមមាន៖ ១.ឈ្មោះ ផាន់ ជា ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅ មិនពិតប្រាកដ និង ២.ឈ្មោះ មុត សុភា ឬឈ្មោះ ចាន់ នី ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ រីឯវត្ថុតាងដកហូតបាន មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JZ-6573 បិតប្ដូរលេខ៣ ដាក់លេខ៨(ក្លែង) ស៊េរីឆ្នាំ២០២២ ជាមធ្យោបាយធ្វើសកម្មភាព និង ឧបករណ៍សម្រាប់កាច់បំបែកសោកម៉ូតូចំនួន២ ជាផ្លែកាច់ និង សម្ភារពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយពេលសាកសួររួចហើយ មន្រ្ដីជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿង បញ្ជូនជនសង័្សយទាំង២នាក់ និង វត្ថុតាងទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕