ខេត្តពោធិ៍សាត់ បង្រ្កាបមុខសញ្ញាកាប់ប្លន់ជាបន្ដបន្ទាប់ជិត១០នាក់ បញ្ជូនទៅតុលាការ

19-មិនា-2025 - ម៉ោង 09:59:AM

ខេត្តពោធិ៍សាត់៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សមត្ថកិច្ចចម្រុះចំណុះឲ្យខេត្តពោធិ៍សាត់ បានបើកប្រតិបត្ដិការ ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និង ឃាត់ខ្លួនមុខសញ្ញាកាប់ប្លន់ជាបន្ដបន្ទាប់ ចំនួន៩នាក់ ដោយក្នុងនោះមានទាំងមានមេខ្លោង បក្ខពួក និង អ្នកទទួលផលចោរកម្ម ហើយរៀបចំកសាងសំណុំរឿង បញ្ជូនទៅពួកគេទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តពោធិ៍សាត់ បានឲ្យដឹង ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន និង កម្លាំងកងរាជអាវុធហត្ថស្រុកតាលោសែនជ័យ បានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស មិនបានសម្រេចចំនួន១លើក ដោយបានឃាត់ខ្លួនជនសង័្សយ ចំនួន៣នាក់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្ពានកែវគឹមយ៉ាន ស្ថិតក្នុងភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនសង័្សយទាំង៣នាក់ រួមមាន ៖ ១-ឈ្មោះ តូយ ដាណែត (ហៅណែត) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រយងស ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (ជាបក្ខពួកធ្វើសកម្មភាពសកម្ម), ២-ឈ្មោះ ស៊ន ថាត់ (ហៅ ថាត់តូច) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (ជាបក្ខពួកធ្វើសកម្មភាពសកម្ម) និង ៣-ឈ្មោះ វឿន រតនៈ (ហៅណាក់) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបោសគរ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (ជាបក្ខពួកធ្វើសកម្មភាពសកម្ម) ។

ក្រុមជនសង័្សយទាំងនេះ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ប៉ិន សំអ៊ល ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យរងរបួសចំកញ្ចឹងកខាងឆ្វេង រយះចេញឈាម ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹង ថា ក្រោយការឃាត់ខ្លួនជនសង័្សយរួចហើយ សមត្ថកិច្ចបានបន្ដស្រាវជ្រាវឃាត់ខ្លួនបក្ខពួករបស់ជនសង័្សយទាំងនេះ ចំនួន៤នាក់ផ្សេងទៀត រួមមាន៖

១-ឈ្មោះ សារិ ថាត់ថៃ (ហៅថាត់ធំ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាមេខ្លោង និងជាអ្នកដឹកនាំធ្វើសកម្មភាពកាប់ប្លន់ ក្នុងស្រុកបាកាន ស្រុកតោលោសែនជ័យ និងក្រុងពោធិ៍សាត់។

២-ឈ្មោះ ណុប ចាន់រ៉ា (ហៅប៊ីន) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតោលោសែនជ័យ ខេត្តពោធិ៍សាត់ ជាបក្ខពួកធ្វើសកម្មភាព។

៣-ឈ្មោះ វ៉ិត វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ជាបក្ខពួកធ្វើសកម្មភាព។

៤-ឈ្មោះ ហាត យ៉ុងប៊ីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ជាបក្ខពួកធ្វើសកម្មភាព។

ក្រោយការសាកសួរលើជនសង័្សយតាមជំនាញរបស់ខ្លួនរួចហើយ សមត្ថកិច្ចបានបន្តឃាត់ខ្លួនអ្នកទទួលទិញម៉ូតូចំនួន២នាក់ ដែលជាអ្នកទទួលផលចោរកម្ម រួមមាន៖ ១-ឈ្មោះ ប៊ួយ ចិន្តា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរយោធា រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និង ២-ឈ្មោះ កែវ សុជា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាឈ្មួញកណ្ដាល និង ជាអ្នកទិញម៉ូតូ។

ក្រោយពេលបង្ក្រាប និង ឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង៩នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម