រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា នឹងប្រារព្ធពិធីស្មឹងស្មាធិ៍ រយៈពេលមួយនាទី នៅថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ ពីគ្រោះរញ្ជួយដី ដែលបានបំផ្លិចបំផ្លាញដល់ប្រទេសអាស៊ានមួយនេះ និង បានសម្លាប់មនុស្ស កើនលើសពី២000នាក់ ខណៈក្តីសង្ឃឹមកាន់តែតិចតួច នៅក្នុងការស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀត នៅក្នុងគំនរបាក់បែក នៃអគារបាក់រលំ ពីគ្រោះធម្មជាតិដ៏កំណាចនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១ ខែមេសា។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកំពុងតែកាន់អំណាច បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ទង់ជាតិ នឹងបង្ហូតត្រឹមពាក់កណ្តាល រហូតដល់ថ្ងៃទី៦ ខែមេសា នៅក្នុងការចូលរួមសោកស្ដាយ និង អាណិតអាសូរ ចំពោះការបាត់បង់អាយុជីវិត និង ការខូចខាតពីគ្រោះរញ្ជួយដី មានកម្រិត ៧,៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ថា ចំនួនអ្នកស្លាប់ កើនដល់ចំនួន ២ ០៥៦នាក់ និង មនុស្សជាង៣៩០០នាក់ បានរងរបួស ខណៈ២៧០នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន៕