ក្រសួងអប់រំ ច្រានចោលរបាយការណ៍ ដែលចាត់កម្ពុជា ជាប្រទេសខ្សោយក្នុងវិស័យអប់រំជាងគេលើពិភពលោក

31-មិនា-2025 - ម៉ោង 03:52:PM

ភ្នំពេញ៖ លោកស្រី ឃួន វិច្ឆិកា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ថា ក្រសួងអប់រំមិនអាចទទួលយកបានទេអំពីការចាត់ចំណាត់របស់គេហទំព័រ World Population Review ដែលថាកម្ពុជាជាប្រទេសខ្សោយក្នុងវិស័យអប់រំជាងលើពិភពលោក។


យោងតាមប្រសាសន៍របស់លោកស្រី ឃួន វិច្ឆិកា ដែលបានផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុកមួយ បានគូសបញ្ជាក់ថា ក្រសួងអប់រំច្រានចោល និងមិនអាចទទួលយកបានឡើយចំពោះរបាយការណ៍របស់គេហទំព័រ World Population Review ដែលថាកម្ពុជាកម្សោយក្នុងវិស័យអប់រំ។


លោកស្រី ឃួន វិច្ឆិកា បញ្ជាក់ថា ហេតុផលដែលក្រសួងអប់រំមិនអាចទទួលយករបាយការណ៍នេះបាន ដោយសារតែការចាត់ចំណាត់ថ្នាក់របស់គេហទំព័រមួយនេះពុំបានឈរលើវិធីសាស្ត្រនៃការស្រាវ និងសូចនាករច្បាស់លាស់។


លោកស្រីអ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថាកន្លងមកនេះកម្ពុជាបានចូលរួមអនុវត្តកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលការសិក្សារបស់សិស្ស ហៅកាត់ថា PIZA ដែលមាន៩១ប្រទេសចូលរួម ហើយកម្មវិធីនេះតែងវាយតម្លៃលើការសិក្សារបស់សិស្សដែលមានអាយុ១៥ឆ្នាំរៀងរាល់៤ឆ្នាំម្ដង។ ស្របពេលដែលប្រទេសខ្លះពុំបានចូលរួមកម្មវិធីអន្តរជាតិនេះដូចកម្ពុជាឡើយ។


លោកស្រី ឃួន វិច្ឆិកា បន្តថា បើពិនិត្យមើលកម្រិតស្រាវជ្រាវក្នុងកម្រិតឧត្តមសិក្សាវិញ ប្រទេសកម្ពុជាឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទៅលើចំនួនអត្ថបទស្រាវជ្រាវដែលបានបោះពុម្ពក្នុងទស្សនាវដ្តីស្រាវជ្រាវ ដែលមានការទទួលស្គាល់កម្រិតអន្តរជាតិ។


ទន្ទឹមគ្នានេះ លោកស្រីគូសបញ្ជាក់ថា កន្លងមកគរុសភាថៃក៏បានធ្វើការបដិសេធចំពោះការចាត់ចំណាត់ថ្នាក់របស់គេហទំព័រ World Population Review នេះដូចគ្នាផងដែរ។

ដោយគរុសភាថៃបញ្ជាក់ថា ការស្រាវរបស់គេហទំព័រ World Population Review ផ្អែកតែលើការស្ទង់មតិជាសាធារណៈប៉ុណ្ណោះ ពុំបានឈរលើការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រ និងសូចនាករឡើយ។


គួរបញ្ជាក់ជូនថា កាលពីពេលថ្មីៗនេះ គេហទំព័រ World Population Review បានចុះផ្សាយថា ក្នុងឆ្នាំ២០២៥កម្ពុជាជាប់ឈ្មោះជាប្រទេសមានវិស័យអប់រំខ្សោយខ្លាំងនៅលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខរៀងទី១២០ ក្នុងចំណោមប្រទេសចំនួន២០៣៕

ពត័មានពេញនិយម