មីនតោនមួយគ្រាប់ ផ្ទុះចំកណ្ដាលវីឡាតឿមួយខ្នង ប៉ើងដូចស្លឹក

22-មិនា-2025 - ម៉ោង 10:42:AM

ខេត្តស្វាយរៀង៖ វីឡាតឿមួយខ្នងទើបនឹងសាងសង់ថ្មី មិនដឹងជាយ៉ាងម៉េច ស្រាប់តែផ្ទុះគ្រាប់មីនតោនមួយគ្រាប់ នៅចំកណ្ដាលផ្ទះ ធ្វើឲ្យខូចខាតយ៉ាងដំណំ ហើយបានធ្វើឲ្យម្ចាស់ផ្ទះភ័យរន្ធត់យ៉ាងខ្លាំង និង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង២ និង០៥នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងផ្ទះរបស់ជាងបុកអណ្តូង«សីពៅ» ស្ថិតក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះ បានឲ្យដឹង ថា នៅមុនពេលកើតមានហេតុការណ៍ផ្ទុះគ្រាប់មីនដ៏រន្ធត់នោះ ប្ដី និង កូនរបស់គាត់ បានចាកចេញពីផ្ទះ ទៅធ្វើការនៅខាងក្រៅអស់ហើយ។ លុះមកដល់វេលាកើតហេតុ គាត់បានដើរចេញមកកាន់តូបលក់ដូរ នៅខាងមុខផ្ទះ ស្រាប់តែឮសំឡេងផ្ទុះគ្រាំងកក្រើកដីឡើង ធ្វើឲ្យគាត់ភ័យរន្ធត់យ៉ាងខ្លាំង ហើយក្រឡេកមើលទៅផ្ទះរបស់គាត់ ឃើញប៉ើងជញ្ជាំង និង ដំបូលខ្ទាតឡើងលើ ហើយផ្សែងហុយខ្មួលខ្មាញ់ទៅលើ។ ក្រោយពេលឮសំឡេងផ្ទុះកក្រើកដីបែបនេះភ្លាម អ្នកភូមិ និង អ្នកធ្វើដំណើរតាមដងផ្លូវ បាននាំគ្នារត់មកមើល។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹង ថា ក្រោយពេលឮសំឡេងផ្ទុះលាន់កក្រើកដីបែបនេះ មុនដំបូង អ្នកភូមិនឹកស្មាន ថា វាជាករណីផ្ទុះធុងហ្គាស លុះពេលនាំគ្នាមកមើល ទើបដឹង ថា ជាករណីផ្ទុះគ្រាប់មីន។ ប៉ុន្តែបើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច បានដាក់សង័្សយ ថា វាជាករណីផ្ទុះមីនតោន នៅចំកណ្តាលផ្ទះ ព្រោះកម្លាំងបំផ្ទុះខ្លាំង បណ្តាលឲ្យបាក់បែកបន្ទប់ជញ្ជាំងថ្ម ដំបូលផ្ទះវីឡាតឿ ប៉ើងខ្ទេចខ្ទី រាបដល់ដី ដោយនៅសល់តែជញ្ជាំងខាងមុខប៉ុណ្ណោះ។

ប្រភពដដែល បានបន្ថែម ថា បើតាមការពិនិត្យ នៅកន្លែងកើតហេតុ ឃើញមានរណ្តៅមួយ ចំកណ្តាលផ្ទះ គឺគ្រាប់ផ្ទុះចេញពីក្នុងដី។ រីឯផ្ទះនេះទើបតែសាងសង់ថ្មី ហើយបានដឹកដីពីកន្លែងផ្សេង យកមកចាក់ធ្វើភូមិថ្មី។ ករណីនេះ សង័្សយ ថា ការជីករណ្តៅយកដីនោះ អាចនាំមកជាមួយគ្រាប់មីនកប់នៅក្នុងអាចម៍ដី ដែលយកមកចាក់ធ្វើភូមិ សម្រាប់សង់ផ្ទះ។ ប៉ុន្ដែគេមិនបានដឹង ថា មានមូលហេតុអ្វី ទើបបណ្ដាលឲ្យគ្រាប់នេះ ផ្ទុះនោះឡើយ។

បើទោះជាយ៉ាងណាក៏ដោយ ករណីនេះ ចាត់ទុកមហាសំណាង ព្រោះតែហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង ស្របពេលសមាជិកក្រុមគ្រួសារ មិននៅក្នុងផ្ទះ។ ប៉ុន្ដែប្រសិនបើម្ចាស់ផ្ទះ នៅវិញ មិនដឹងជាកើតសោកនាដកម្មយ៉ាងណានោះទេ? ករណីនេះគ្រាន់តែធ្វើឲ្យខូចខាតតែផ្ទះសម្បែង និង សម្ភារផ្សេងៗទៀតតែប៉ុណ្ណោះ៕

ពត័មានពេញនិយម