រាជធានីបាងកក៖ គ្រោះរញ្ជួយដី មានកម្លាំងខ្លាំង រហូតដល់៧,៧រ៉ិចទ័រ បានវាយប្រហារចំទីក្រុងម៉ាន់ដាឡៃ ដែលជាទីក្រុងធំទី២របស់ប្រទេសមីយ៉ាន់ម៉ា កាលពីរសៀល ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយឥទ្ធិពលរបស់គ្រោះធម្មជាតិដ៏កំណាចមួយនេះ បានរញ្ជួយដល់ប្រទេសថៃ ដោយបានធ្វើឲ្យអគារថ្មីរបស់រដ្ឋាភិបាលមានកម្ពស់៣០ជាន់ ដែលកំពុងសាងសង់បាក់រលំ ខណៈមានកម្មករប្រហែលជាង៣០០នាក់ កំពុងតែបំពេញការងាររបស់ពួកគេ ហើយរហូតមដល់ពេលនេះ នៅមិនទាន់ដឹងច្បាស់ ថា តើមានជនជាតិខ្មែរដែរឬអត់នៅឡើយ។
មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» បានសរសេរ នៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួន កាលពីល្ងាច ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ថា៖«គ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ នៅមីយ៉ាន់ម៉ា បានជះឥទ្ធិពលមកដល់ប្រទេសថៃថៃ បណ្តាលឲ្យសំណង់អគារខ្ពស់មួយកន្លែង នៅទីក្រុងបាងកក ដួលរលំ ដែលជាហេតុធ្វើឲ្យមានការបារម្ភ ថា អាចមានពលករខ្មែរ ដែលកំពុងតែធ្វើការ នៅការដ្ឋានសំណង់នោះ ខណៈពលករសរុបដែលកំពុងធ្វើការ នៅទីនោះ មានចំនួនជាង ៣០០នាក់ ហើយក្នុងចំណោមពលករទាំងនោះ មានចំនួន៨០នាក់ នៅតែមិនទាន់ទាក់ទងបាននៅឡើយ។
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ បានឲ្យដឹងថា លោកកំពុងតែបន្តតាមដានលើបញ្ហានេះយ៉ាងដិតដល់ ដើម្បីឲ្យច្បាស់ថា តើមានពលករខ្មែរដែរឬទេ នៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិដ៏កំណាចនេះ។
ស្របគ្នានេះដែរ ក្រសួងការបរទេសរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងគ្រោះរញ្ជួយដី នៅប្រទេសថៃ ដោយបានបញ្ជាក់ ថា ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ មិនទាន់ទទួលបានព័ត៌មានណាមួយដែលថា តើមានឬមិនមានពលករ ឬពលរដ្ឋខ្មែររងគ្រោះដោយសារហេតុការណ៍រញ្ជួយដី នៅប្រទេសថៃ និង ភូមា នៅឡើយ។ ទន្ទឹមគ្នានេះ ស្ថានទូតបានត្រៀមលក្ខណៈ សហការជាមួយអាជ្ញាធរថៃ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយឲ្យអស់ពីលទ្ធភាព ព្រមទាំងអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ នៅប្រទេសថៃ និងភូមា មានការប្រុងប្រយ័ត្នខ្ពស់បំផុត។
សង់ត្រាល់ បានបន្ដ ថា (ព័ត៌មានបឋមពីក្រុងបាងកក) យោងតាមប្រភពបណ្តាញអ្នកធ្វើការនៅប្រទេសថៃ នៅក្នុងស្ថានភាពករណីបាក់រលំអគារ កំពុងសាងសង់នៅថៃ ដែលបណ្ដាលមកពីរញ្ជួយដី អាចនឹងមានពលករ កម្មករខ្មែរ ស្ថិតក្នុងចំណោមពលករទាំងនោះ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោងជិត២រសៀល ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ ខណៈនេះ ក្រុមការងារសង់ត្រាល់ ប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវតាមដានព័ត៌មានច្បាស់ការបន្ថែមទៀត ទាក់ទិននឹងពលករខ្មែរ ដែលកំពុងធ្វើការក្នុងអគារបាក់ស្រុត កម្ពស់៥០ជាន់ ដែលនាំឲ្យមានការខូចខាតទាំងស្រុង។
ជាមួយគ្នានេះ ប្រភពនៅប្រទេសថៃ បានអះអាង ថា សូម្បីអគាររដ្ឋាភិបាល អគារសភា ក៏មានការញ័ររញ្ជយផងដែរ។
ប្រភពដដែល បានបន្ថែម ថា ពលករដែលកំពុងធ្វើការទីនោះ មានចំនួន៣១៧នាក់ ដោយក្នុងនោះចំនួន៨០នាក់ មិនអាចទាក់ទងបាន។ សូមព្រះជួយថែរក្សា កុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់…៕