អភិបាលរាជធានីភ្នំពេញ បញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រួតពិនិត្យតាមដានជាប្រចាំលើអគារចាស់ៗ

29-មិនា-2025 - ម៉ោង 12:54:PM

រាជធានីភ្នំពេញ៖ ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំង មានកម្រិត៧,៧រ៉ិចទ័រ បានវាយប្រហារចំទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិច១៤៤ និង ៧៣២នាក់ផ្សេងៗទៀតរងរបួស ហើយឥទ្ធិពលរបស់គ្រោះធម្មជាតិនេះ បានប៉ះពាល់នៅប្រទេសថៃ ដោយមានអ្នកស្លាប់យ៉ាងតិច៩នាក់ និង រងរបួសជាច្រើននាក់ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នោះមក ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាដល់អភិបាលខណ្ឌទាំង១៤ ចុះពិនិត្យតាមដានជាប់ជាប្រចាំ ចំពោះប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងអគារចាស់ៗ ដើម្បីបង្ការនូវហានិភ័យណាមួយ កើតឡើងជាយថាហេតុ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និង ជាអ្នកនាំពាក្យរាជធានីភ្នំពេញ បានអះអាង កាលពីរសៀលថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាដល់អាជ្ញាធរខណ្ឌ ចុះត្រួតពិនិត្យ និង តាមដានបែបនេះ បានកើតឡើង ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា មានកម្រិត៧,៧រ៉ិចទ័រ បានវាយប្រហារចំកណ្តាលទីក្រុងម៉ាន់ដាឡៃ (Mandalay) ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៤៤នាក់ និង ៧៣២នាក់រងរបួស។ ឥទ្ធិពល នៃគ្រោះរញ្ជួយដីនេះ បានរញ្ជួយដល់តំបន់មួយចំនួន នៅក្នុងប្រទេសថៃ និង វៀតណាម។

ទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP បានផ្សាយ ថា កាលពីរសៀល ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង រហូតដល់កម្រិត៧,៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា។ ឥទ្ធិពល នៃកម្លាំងរញ្ជួយដ៏ខ្លាំងក្លា បានបង្កឲ្យផលប៉ះពាល់ប្រទេសថៃ និង វៀតណាម។

ពលរដ្ឋរស់នៅទីក្រុងឈៀងម៉ៃ (Chiang Mai) ប្រទេសថៃ បាននាំគ្នារត់ចេញពីក្នុងអគារ មកខាងក្រៅ ខណៈអគារជាច្រើន បានរងការរញ្ជួយ។ រីឯតំបន់ភាគខាងជើង និង ភាគកណ្តាលរបស់ប្រទេសថៃ បានរងការរញ្ជួយ ពីឥទ្ធិពល នៃគ្រោះរញ្ជួយដីនេះ ខណៈអគារកម្ពស់៣០ជាន់ ដែលកំពុងតែសាងសង់ នៅទីក្រុងបាងកក បានដួលរលំ ដោយបានសម្លាប់មនុស្សជាច្រើននាក់។

ទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ថា អាជ្ញាធរជាច្រើន បានបញ្ជាក់ ថា គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ បានវាយប្រហារទៅលើប្រទេសមីយ៉ាន់ម៉ា និង ថៃ ដោយបានសម្លាប់មនុស្ស ជាង១៥០នាក់ និង របួស៧៣២នាក់ ដោយសារការបាក់រលំអគារ និង ធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅពាសពេញតំបន់រងគ្រោះ ដោយរួមទាំងការបាក់រលំអគារខ្ពស់កប់ពពកមួយកន្លែង ដែលកំពុងសាងសង់ នៅទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានចំនួន១៤៤នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ពត័មានពេញនិយម