រាជធានីបាងកក៖ គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង បានវាយប្រហារទៅលើប្រទេសថៃ និង មីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង១៥០នាក់ និង រាប់រយនាក់ផ្សេងទៀតរងរបួស ដោយក្នុងនោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានមនុស្សស្លាប់ចំនួន១៤៤នាក់ និង ៧៣២នាក់ផ្សេងទៀត រងរបួស។
ទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ថា អាជ្ញាធរជាច្រើន បានបញ្ជាក់ ថា គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ បានវាយប្រហារទៅលើប្រទេសមីយ៉ាន់ម៉ា និង ថៃ ដោយបានសម្លាប់មនុស្ស ជាង១៥០នាក់ និង របួស៧៣២នាក់ ដោយសារកាបាក់រលំអគារ និង ធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅពាសពេញតំបន់រងគ្រោះ ដោយរួមទាំងការបាក់រលំអគារខ្ពស់កប់ពពកមួយកន្លែង ដែលកំពុងសាងសង់ នៅទីក្រុងបាងកក ប្រទេសថៃ។
គ្រោះធម្មជាតិដ៏កំណាចមួយនេះ បានបង្កគ្រោះមហន្ដរាយ ភាគច្រើន នៅទីក្រុងម៉ាន់ដាឡៃ (Mandalay) ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅជិតចំណុចកណ្តាល នៃការរញ្ជួយដីមានកម្រិត៧,៧រ៉ិចទ័រ។ គ្រោះរញ្ជយដីនេះ បានវាយប្រហារ នៅពេលអាហារថ្ងៃត្រង់ ហើយបានបន្តវាយប្រហារ ដោយការរញ្ជួយដ៏ខ្លាំង និង កម្រិតមធ្យមជាច្រើនទៀត។
ក្រុមអ្នកសង្គ្រោះ នៅទីក្រុងបុរាណអាម៉ារ៉ាភូរ៉ា (Amarapura) ដែលឥឡូវជាទីក្រុងម៉ាន់ដាឡៃ ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ ថា សាកសពរបស់ជនរងគ្រោះ ចំនួន៣០នាក់ ត្រូវបានយកចេញអគារផ្ទះល្វែងជាច្រើន នៅតំបន់នេះ។
លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ ថា នឹងមានមនុស្សស្លាប់ និង រងគ្រោះថ្នាក់ច្រើន ហើយសូមអញ្ជើញប្រទេសណាមួយ ផ្ដល់ជំនួយមនុស្សធម៌ មកដល់ប្រទេសមីយ៉ាន់ម៉ា។
ដោយឡែកលោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែង ចេញពីសេតវិមាន កាលពីល្ងាច ថ្ងៃសុក្រ ទី២៨ ខែមីនា ថា គាត់បាននិយាយជាមួយក្រុមមន្រ្ដី នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋការរបស់គាត់ នឹងផ្ដល់ជំនួយមួយចំនួន ដល់ប្រទេសអាស៊ានមួយនេះ ខណៈគាត់បាននិយាយជាមួយនឹងក្រុមអ្នកកាសែត៖«យើងនឹងជួយ»។
មន្រ្ដីថៃមួយរូប បានបញ្ជាក់ ថា គ្រោះរញ្ជួយដី នៅក្នុងរាជធានីបាងកក ប្រទេសថៃ យ៉ាងហោចណាស់ មានមនុស្ស៩នាក់ស្លាប់។ ឥឡូវ ក្រុមជួយសង្គ្រោះ កំពុងតែរុករកមនុស្សកប់ ក្រោមគំនរបាក់បែក នៃអគារកម្ពស់៣០ជាន់ ដែលកំពុងសាងសង់ បានបាក់រលំ ដោយសារគ្រោះធម្មជាតិនេះ។
ទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋមីយ៉ាន់ម៉ា MRTV បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែមីនា ថា គ្រោះរញ្ជួយដី មានកម្រិតខ្លាំង ៧,៧រ៉ិចទ័រ បានវាយប្រហារ មកលើប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា បានសម្លាប់មនុស្សយ៉ាងតិច ១៤៤នាក់ និង រងរបួសចំនួន៧៣២នាក់។
លោក អង់តូនីញ៉ូ ហ្គូទេររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានមានប្រសាសន៍ ថា អង្គការសហប្រជាជាតិ កំពុងតែប្រមូលផ្តុំ នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ។
ដោយឡែក លោក ថាវីដា កាម៉ូលវេ (Tavida Kamolvej) អភិបាលរងក្រុងបាងកក បានបញ្ជាក់ ថា គ្រោះរញ្ជួយដី នៅក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្ស យ៉ាងតិចចំនួន៩នាក់ នៅក្នុងការបាក់រលំអគារមួយកន្លែង មានកម្ពស់៣០ជាន់ ដែលកំពុងសាងសង់។ រីឯក្រុមអ្នកជួយសង្គ្រោះ កំពុងតែរុករកមនុស្ស ជាង១០០នាក់ ដែលកំពុងតែបាត់ខ្លួន នៅកន្លែងសាងសង់នោះ។
លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃថៃ បានបញ្ជាក់ ថា៖«យើងឃើញសាកសពរបស់ជនរងគ្រោះ នៅក្រោមគំនរបាក់បែក ហើយយើងបានចំណាយពេលយកសាកសពទាំងនោះចេញ។
លោក វ៉ូរ៉ាផាត ស៊ុក ថៃ( Worapat Sukthai) អធិការរងខណ្ឌបាងស៊ូ (Bang Sue) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ថា៖« ខ្ញុំបានឮមនុស្សស្រែកសុំជំនួយ ដោយនិយាយ ថា ជួយខ្ញុំផង»។
លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ខណៈទៅត្រួតពិនិត្យតំបន់គ្រោះថ្នាក់នោះ ថា៖«គ្រប់សំណង់អគារ នៅក្នុងទីក្រុងបាងកក នឹងត្រូវតែត្រួតពិនិត្យ ដើម្បីសុវត្ថិភាព»៕