រដ្ឋធានីប៉ារីស៖ បណ្តាប្រមុខរដ្ឋ និង រដ្ឋាភិបាលអឺរ៉ុប បានចូលកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានព្រមព្រៀងគ្នាបង្កើននូវការរឹតបន្ដឹងជាជាងការបន្ធូរបន្ថយទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ខណៈចក្រភពអង់គ្លេស និង បារាំង បានចាប់ផ្តើមរៀបចំផែនការ សម្រាប់ការបញ្ជូនកងកម្លាំង ធានាឡើងវិញ បន្ទាប់ពីមានសន្តិភាពណាមួយ នៅក្នុងប្រទេសដែលហែកហួរគ្នា ដោយសារសង្គ្រាមរបស់រុស្ស៊ី។ នេះបើតាមទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។
លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ដែលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរបស់សម្ពន្ធមិត្តអឺរ៉ុប សម្រាប់អ៊ុយក្រែន និង ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីយល់ព្រមលើគោលនយោបាយសម្របសម្រួលមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើឱ្យអឺរ៉ុបភ្ញាក់ផ្អើល ដោយបានបើកកិច្ចចរចា ដោយផ្ទាល់ជាមួយវិមានក្រឹមឡាំង។
លោក ឃេរ ស្ដារមឺរ (Keir Starmer) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បាននិយាយជាមួយលោកប្រធានាធិបតី ហ្សេឡែនស្គី ថា៖«មានភាពច្បាស់លាស់ទាំងស្រុង ថា ឥឡូវនេះមិនមែនជាពេលវេលា សម្រាប់ការដកទណ្ឌកម្មនោះទេ ផ្ទុយទៅវិញ អ្វីដែលយើងបានពិភាក្សាគ្នា ត្រង់ថា តើយើងអាចបង្កើនទណ្ឌកម្មយ៉ាងដូចម្តេច សម្រាប់គាំទ្រដល់គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដើម្បីនាំរុស្ស៊ី មកចូលតុចរចា ជាមួយនឹងសម្ពាធបន្ថែមទៀត។
លោក អូឡហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ ថា ការដកទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី នឹងក្លាយជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរបំផុត ហើយវាគ្មានន័យអ្វីទាំងអស់ ព្រោះគ្មានបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន។
ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី២៦ ខែមីនា បានជំរុញឲ្យរុស្ស៊ី ត្រូវតែយល់ព្រមលើបទឈប់បាញ់ពេញលេញ នៅអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ។ ការលើកឡើងរបស់ប្រមុខការទូតអាល្លឺម៉ង់ បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលក្រុងម៉ូស្គូ បានអះអាង ថា កិច្ចព្រមព្រៀង បញ្ឈប់ការវាយប្រហារ នៅសមុទ្រខ្មៅ អាចចូលជាធរមាន បន្ទាប់ពីការរឹតបន្តឹងមួយចំនួន ត្រូវបានដកចេញ។
លោកស្រី អេនណាឡេណា ប៊ាបក់ (Annalena Baerbock) រដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ ថា៖«យើងជំរុញម្តងហើយម្ដងទៀត ទាមទារឱ្យរុស្ស៊ី យល់ព្រមលើបទឈប់បាញ់ពេញលេញ ដោយគ្មានលក្ខខណ្ឌអ្វីបន្ថែមទៀត។ បញ្ហាទាំងនេះមិនមែន ជាស្ថានភាព សម្រាប់កិច្ចសន្ទនានោះទេ ព្រោះបទឈប់បាញ់ ត្រូវតែតភ្ជាប់ម្តងហើយម្តងទៀត ជាមួយសម្បទាន និង ការទាមទារជាថ្មីរបស់រុស្ស៊ី…ដូច្នេះយើងមិនចាញ់បោកលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នោះឡើយ»។
ក្រុមមន្រ្ដីរុស្ស៊ី និង អ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា បានព្រមព្រៀងគ្នា បញ្ឈប់វាយប្រហារដោយយោធា នៅសមុទ្រខ្មៅ និង លើទីតាំងថាមពលអគ្គិសនី នៅអំឡុងកិច្ចចរចា ក្រោមការសម្របសម្រួល ពីសហរដ្ឋអាមេរិក ដោយផ្តល់នូវការបន្ធូរបន្ថយសម្ពាធ លើការនាំចេញកសិផល ដែលជាការលើកទឹកចិត្តជាក់ស្តែងលើកដំបូង សម្រាប់រដ្ឋាភិបាលក្រុងម៉ូស្គូ។
ព័ត៌មាននេះ បានកើតឡើង បន្ទាប់ពីកិច្ចចរចា រយៈពេលបីថ្ងៃ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីការបញ្ចប់សង្រ្គាម ដោយក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក បានបិទទ្វារពិភាក្សាដាច់ដោយឡែកពីគ្នា រវាងគណៈប្រតិភូ មកពីប្រទេសអ៊ុយក្រែន និង រុស្ស៊ី។
លោកស្រី ប្រមុខការទូតអាល្លឺម៉ង់ បានសង្កត់ធ្ងន់ ថា៖«ការបន្តវាយប្រហារទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់ ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែព្យាយាមបង្កើតការពិត នៅលើសមរភូមិ ទោះជាការចរចា ឆ្ពោះទៅរកបទឈប់បាញ់ នៅតែបន្តយ៉ាងណាក៏ដោយ»។
ស្របគ្នានេះ សហភាពអឺរ៉ុប បានបញ្ជាក់ កាលពីថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ថា៖«ប្លុកសេរីមួយនេះ នឹងមិនបន្ធូរបន្ថយ ឬ កែប្រែទណ្ឌកម្មទាំងឡាយរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី នៅមុនពេលការដកកម្លាំងទាហានរបស់ក្រុងមូស្គូ ចេញពីប្រទេសអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌនោះឡើយ»។
លោកស្រី អេនីតថា ហ៊ីបភើរ (Anitta Hipper) អ្នកនាំពាក្យ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ ថា៖«ការដកកម្លាំងទាហានរុស្ស៊ី ទាំងអស់ ចេញពីទឹកដីទាំងមូលរបស់អ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ នឹងក្លាយជាលក្ខខណ្ឌដ៏សំខាន់មួយ សម្រាប់ការកែប្រែ ឬ ដកទណ្ឌកម្មរបស់សហភាពអឺរ៉ុប ចេញពីការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់រុស្ស៊ី។ សហភាពអឺរ៉ុប មិនមែនជាផ្នែកមួយ នៃកិច្ចចរចា នៅប្រទេសអារ៉ាប៊ីសាអូឌីត នោះទេ ទោះជាមានការកត់សម្គាល់ អំពីលទ្ធផល នៃកិច្ចចរចារបស់ពួកគេយ៉ាងណាក៏ដោយ។ ឥឡូវ រុស្ស៊ី ត្រូវតែបង្ហាញពីសុច្ឆន្ទៈនយោបាយពិតប្រាកដ សម្រាប់ការបញ្ចប់សង្រ្គាមឈ្លានពាន ដោយខុសច្បាប់ និង គ្មានការបង្កហេតុរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន»។
លោកស្រី អ្នកនាំពាក្យ រូបនេះ បានសង្កត់ធ្ងន់ ថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច សម្រាប់គាំទ្រដល់ជំហាន នាពេលខាងមុខ រួមជាមួយនឹងអ៊ុយក្រែន សហរដ្ឋអាមេរិក និង ដៃគូដទៃទៀត។
ប្រទេសចំនួន២៧ ជាសមាជិករបស់សហភាពអឺរ៉ុប បានបង្កើតរលកទណ្ឌកម្មយ៉ាងច្រើន ប្រឆាំងនឹងរុស្ស៊ី ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី អ្នកនាំពាក្យ គណៈកម្មការអឺរ៉ុប បានសង្កត់ធ្ងន់ ថា វិធានការរបស់សហភាពអឺរ៉ុប មិនបានកំណត់គោលដៅលើពាណិជ្ជកម្ម សម្រាប់ទំនិញកសិកម្ម រួមទាំងស្បៀងអាហារ គ្រាប់ធញ្ញជាតិ និង ជីតាមវិធីណាក៏ដោយ រវាងរុស្ស៊ី និង ប្រទេសទីបីនោះឡើយ៕