ខេត្តបាត់ដំបង៖ បុរសម្នាក់បានដើរបាត់ពីផ្ទះ គិតតែទៅសេពគ្រឿងញៀន រហូតដល់បែកថ្នាំ ហើយបានវិលមកជួបឪពុក ត្រឹមតែ២ទៅ៣ថ្ងៃ បែរជាដុតផ្ទះរបស់គាត់ចោល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និង សមត្ថកិច្ចចេញទៅពន្លត់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា២០២៥ នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ហើយសមត្ថកិច្ចបានឃាត់ខ្លួនកូនអកតញ្ញូម្នាក់នេះ នាំទៅចាត់ការតាមច្បាប់។
ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹង ថា កូនប្រុសអកតញ្ញូម្នាក់នេះ ឈ្មោះ បួរ ស៊ីណា អាយុ២៥ឆ្នាំ ហើយឪពុក ឈ្មោះ បួរ សន អាយុ៧២ឆ្នាំ។ លោកតាម្នាក់នេះ បានរស់នៅតែម្នាក់ឯង ជាមួយនឹងផ្ទះមានទំហំ៦គុណនឹង៩ម៉ែត្រ។ លុះមកដល់ថ្ងៃកើតហេតុ ផ្ទះធ្វើពីឈើប្រក់ស័ង្កសីរបស់គាត់ ត្រូវបានកូនប្រុសរបស់គាត់ ដុតឆេះអស់ រួមទាំងទ្រព្យសម្បត្តិ នៅក្នុងនោះផងដែរ។ បច្ចុប្បន្ន លោកតា ប្រឈមមុខនឹងការលំបាកខ្លាំង ហើយគ្មានកន្លែងស្នាក់នៅ។
បើតាមជនរងគ្រោះ បានឲ្យដឹង ថា កូនប្រុសរបស់គាត់ បានដើរបាត់ពីផ្ទះ អស់រយៈពេលជាយូរមកហើយ។ ប៉ុន្ដែកាលពី២-៣ថ្ងៃ មុនថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ ទើបនឹងត្រឡប់មកដល់ផ្ទះវិញ ហើយបង្ហាញពីចរិត ដូចជាជនបែកថ្នាំដដែល និយាយលែងដឹងខុសត្រូវ។ លុះមកដល់យប់កើតហេតុ គាត់បានឃើញចរិតកូនប្រុសគាត់ ជាមនុស្សបែកថ្នាំ និង មានចរិតកាចសាហាវបែបនេះ ទើបគាត់មិនស្នាក់នៅក្នុងផ្ទះ នាយប់ថ្ងៃកើតហេតុ។ លុះមកដល់វេលារំលងអធ្រាត្រ ស្រាប់តែមានអគ្គិភ័យឆេះផ្ទះគាត់អស់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។ កូនប្រុសមកដល់ផ្ទះ បែរជាមកដុតផ្ទះគាត់ឆេះអស់។
ជនរងគ្រោះ បានប្រាប់សមត្ថកិច្ច ថា គ្មានទ្រព្យសម្បត្តិ ឬសម្ភារៈអ្វី ដែលត្រូវបានយកចេញពីផ្ទះរបស់គាត់ទាន់ពេលនោះឡើយ។ ពោល គឺអ្វីៗបានក្លាយទៅជាចំណីព្រះអគ្គីតែម្ដង។ ការខាតបង់ បើគិតជាទឹកប្រាក់ អស់ប្រហែល៦លានរៀល។
លោក សុខ សារិន អធិការស្រុកបវេល បានឲ្យដឹង ថា ជនដៃដល់ ជាមនុស្សមានចរិត ដូច«បែកថ្នាំ» ។ និយាយមិនច្បាស់លាស់ ខណៈមន្ត្រីជំនាញ បានឃាត់ខ្លួនគេ នាំមកសាកសួរ។ នៅយប់កើតហេតុ ជនដៃដល់រូបនេះ ទំនងជាប្រើប្រាស់ដែកកេះ ដុតសម្លៀកបំពាក់ ឬសម្ភារៈផ្សេងៗនៅក្នុងផ្ទះ ទើបបង្កទៅជាអគ្គី ឆាបឆេះផ្ទះអស់បែបនេះ។
បើតាមលោកអធិការ បានស្រង់ចម្លើយបឋមពីជនរងគ្រោះជាឪពុក បានអះអាង ថា ប្រវត្តិកូនប្រុសរបស់គាត់ ធ្លាប់ប្រើប្រាស់គ្រឿងញៀនជោកជាំ។ ប៉ុន្ដែមួយរយៈចុងក្រោយនេះ ជននេះបានទៅរស់នៅក្រុងប៉ោយប៉ែត ហើយក៏បាត់ដំណឹងឈឹង។ រីឯបុរសជាឪពុក រស់នៅតែម្នាក់ឯង ស្ថិតក្នុងវ័យចាស់ជរា គ្មានប្រពន្ធនោះឡើយ។ គាត់រស់នៅយ៉ាងកម្សត់ នៅនឹងផ្ទះ ខណៈកូនប្រុសបែកថ្នាំម្នាក់នេះ រស់នៅក្រុងប៉ោយប៉ែត។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ច បាននាំជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់៕