តុលាការ ឃុំខ្លួនជនឆបោកតាមអនឡាញ ដាក់ពន្ធនាគារ

28-មិនា-2025 - ម៉ោង 09:58:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់បានឆបោកយកលុយជាច្រើនករណី នៅតាមអនឡាញ តែឥឡូវ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ។

បើតាមដីកាឃុំខ្លួន បានបញ្ជាក់ ថា ជនត្រូវចោទ ឈ្មោះ គឹម រដ្ឋា ហៅ បឺត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ជ្រូក កម្រិតវប្បធម៌អនុបណ្ឌិត ទីកន្លែងកំណើត នៅភូមិខ្នាចខាងជើង ឃុំបឹងត្រាចខាងជើង ស្រុកសំរោង ខេត្តតាកែវ និង មានទីលំនៅមុនពេលឃាត់ខ្លួន ស្នាក់នៅអគារដឺឃ្វីន បន្ទប់លេខ២២២២ ជាន់ទី១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

បើតាមមាត្រា ៣៧៧ និយមន័យ នៃការឆបោក និងមាត្រា ៣៧៨ ទោសដែលត្រូវអនុវត្ត៖ អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី១លានទៅ៦លានរៀល នោះនៅមិនទាន់គិតដល់សំណងរដ្ឋប្បវេណីនោះឡើយ។ ដីការបស់តុលាការ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្តកិច្ច នៃកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទ ឈ្មោះ គឹម រដ្ឋា ហៅ បឺត ភេទប្រុស ទៅឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១(ម១) រហូតដល់មានបទបញ្ជាជាថ្មី។

ជនត្រូវចោទរូបនេះ ត្រូវបាននាយកដ្ឋាននគរបាលទេសចរណ៍ ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ ជននេះជាមុខសញ្ញាឆបោកលុយភ្ញៀវ តាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ដោយមានផេកជាច្រើន រួមមាន៖ ផេកឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់កសិផល និង ផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ…ជាដើម។ ជននេះបានឆបោកលុយពីជនជាតិបរទេស និង បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនករណី។

ក្រោយការឃាត់ខ្លួន ជនល្មើសរូបនេះ បានសារភាពទទួលស្គាល់ ថា ខ្លួនពិតជាបានឆបោកលុយ ពីជនជាតិខ្មែរ និង ជនជាតិបរទេសជាច្រើនករណី តាមបណ្តាញសង្គម៕

ពត័មានពេញនិយម