ក្រសួងការពារជាតិ កំណត់លើការប្រើប្រាស់ស្លាកលេខ ខម

14 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៤ បានឲ្យដឹង ថា ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាឲ្យកំណត់លើការប្រើប្រាស់ស្លាកលេខ ខ.ម ។

បើតាមសេចក្ដីជូនដំណឹង ស្ដីពីការប្រើប្រាស់យានយន្ដពាក់ស្លាកលេខខេមរភូមិន្ទ បានឲ្យដឹង ថា អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និង ទ័ពជំនាញទាំងអស់ឱ្យបានជ្រាប ថា ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរនូវវិន័យសណ្តាប់ធ្នាប់ ការគារព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពង្រឹងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទដែលបណ្តាល ឱ្យប៉ះពាល់ដល់សង្គមសាធារណៈដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមាន ភាពក្រអឺតក្រទមមិនស័ក្តិសម ជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និង ទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។

អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមដាក់ចេញនូវវិធានការកំណត់ក្នុងការប្រើប្រាស់ស្លាកលេខចរាចរណ៍ខេមរភូមិន្ទ សម្រាប់កងយោធពលខេមរភូមិន្ទ ដូចខាងក្រោម៖

១- យានយន្តដែលអាចបំពាក់ស្លាកលេខចរាចរណ៍ខេមរភូមិន្ទ រួមមាន៖

-យានយន្តដែលរដ្ឋបំពាក់
-យានយន្តជាជំនួយពីបណ្តាប្រទេសនានា សម្រាប់អង្គភាពកងទ័ព
-យានយន្តជាអំណោយពីសប្បុរសជននានា សម្រាប់អង្គភាពកងទ័ព
-យានយន្តជាកម្មសិទ្ធិរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបដំឡើងសាជាថ្មី
-យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ
-យានយន្តដែលបានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល និងអាករផ្សេងៗរួចរាល់ ។

២- នាយទាហានដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវគោរព តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាកំណត់ ។ ក្នុងករណីរំលោភបំពាន ការប្រើប្រាស់ស្លាកលេខចរាចរណ៍ ខេមរភូមិន្ទ ត្រូវបានដកហូតមករក្សាទុក នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិវិញ ។

៣- នាយទាហានដែលបានចូលនិវត្តន៍ ពលី មរណៈ និង ពិការ ត្រូវអស់កាតព្វកិច្ចប្រើប្រាស់ស្លាកលេខចរាចរណ៍ខេមរភូមិន្ទ ក្រសួងការពារជាតិ វិញ និង ត្រូវបានដកហូត មករក្សាទុក នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

៤-នាយទាហានដែលបានប្រើប្រាស់ស្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបម្រាមកំណត់ ដូចខាងក្រោម៖

-ហាមយកយានយន្តដែលពាក់ស្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅជួលបន្តឱ្យបណ្តាក្រុមហ៊ុន ស្ថាប័ន ឬ រូបវន្តបុគ្គលនានាប្រើប្រាស់ឡើយ ។
-ហាមយកស្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពី ប្រភេទយានយន្តដែលបានស្នើសុំ ។
-អ្នកប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និង អាស្រ័យមេបញ្ជាការអង្គភាព បញ្ជាក់ស្នើសុំបំពេញបែបបទ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។

ចំពោះក្រុមហ៊ុនសហការវិនិយោគជាមួយវិស័យការពារជាតិ ក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តខុសពីបម្រាមកំណត់ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួង ការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន ។

ខ្លឹមសារខាងលើ ត្រូវបានអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាស្រ័យហេតុនេះ សូមបណ្តា ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និងទ័ពជំនាញ ទាំងអស់ដែលប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ៕

ពត័មានពេញនិយម