សម្ដេចតេជោ ហ៊ុន សែន ទន្ទឹងរង់ចាំធ្វើការជិតស្និទ្ធជាមួយ ប្រធានាធិប តីវៀតណាមថ្មី ដើម្បីប្រយោជន៍រួម និងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

16 ម៉ោងមុន

 

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនប្រធានាធិបតីវៀតណាម លោក លឿង គឿង ដែលទើបនឹងជាប់ឆ្នោត។

ក្នុងលិខិតនោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បញ្ជាក់ថា សម្ដេចកំពុងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក លឿង គឿង ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

សម្តេចបានលេីកឡេីងថា«ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក , រដ្ឋសភា និងគណបក្សកុម្មុយនីស្តវៀតណាម (CPV) ដើម្បីជំរុញឧត្តមប្រយោជន៍របស់ប្រជាជននិងប្រទេសយើងទាំងពីរ និងដើម្បីរួមចំណែកបន្ថែមទៀត ដល់សន្តិភាព សន្តិសុខ និងវិបុលភាពទាំងក្នុងនិងក្រៅតំបន់»។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានចូលរួមអបអរសាទរដោយក្តី សោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក លឿង គឿង ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជា ប្រធានាធិបតីវៀតណាម ដោយរដ្ឋសភាវៀតណាម។

តាមខ្លឹមសារនៅក្នុងលិខិត សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកជោគជ័យរបស់លោក លឿង គឿង ក្នុងការបោះឆ្នោត គឺដោយសារតែលោក លឿង គឿង ជាអ្នកដឹកនាំឆ្នើមនៅថ្នាក់ជាតិ, សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់ ចំពោះជាតិមាតុភូមិ និងប្រជាជន។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន មានជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី វៀតណាម នឹងបន្តចម្រើនលូតលាស់ និងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ព្រមទាំងក្លាយជាប្រទេសប្រាក់ ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយសារការចូលរួមចំណែករបស់ លោក លឿង គឿង មួយភាគធំ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា រំពឹងថា សាមគ្គីភាព ទំនាក់ទង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ ផ្អែកលើការគោរពគ្នា ទំនុកចិត្តគ្នា និងការប្តេជ្ញាចិត្តទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក្នុងនាមជាបងប្អូនល្អ អ្នកជិតខាងល្អ និងដៃគូល្អ នឹងត្រូវបានបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

សូមជម្រាបជូនថា លោក លឿង គឿង ត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម សម្រាប់អាណត្តិពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។ លោកទទួលបានសំឡេងគាំទ្រ១០០ភាគរយពីសមាជិកសភា ៤៤០រូប។

លោក លឿង គឿង មានជន្មាយុ ៦៧ឆ្នាំ និងមានដើមកំណើតមកពីខេត្ត Phu Tho នៃភាគខាងជើងនៃប្រទេសវៀតណាម។ លោកជាសមាជិកម្នាក់នៃគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការរដ្ឋាននៃគណបក្សកុម្មុយនីស្តវៀតណាម។ លោកបានចូលបម្រើការក្នុងជួរកងទ័ពវៀតណាម ក្នុងឆ្នាំ១៩៧៥ មុននឹងក្លាយជានាយករងនៃអគ្គនាយកដ្ឋាននយោបាយក្នុងឆ្នាំ២០១១ និងក្លាយជានាយកនៃអគ្គនាយកដ្ឋាននយោបាយក្នុងឆ្នាំ២០១៦។ នៅខែមករា ឆ្នាំ២០១៩ លោកត្រូវបានដំឡើងតំណែងជាឧត្តមសេនីយ៍ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលទី១៥ ដែលបានកាន់តំណែងជាន់ ខ្ពស់នៅក្នុងជួរកងទ័ពវៀតណាម។

លោក លឿង គឿង ត្រូវបានតែងតាំងដោយការិយាល័យនយោបាយជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការរដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកាលពីខែឧសភា ឆ្នាំ២០២៤ ដើម្បីជំនួសលោកស្រី Truong Thi Mai៕

ពត័មានពេញនិយម