ការសម្តែងគុនល្បុក្កតោ-សៅលីញ នៅហឺណាន មានអ្នកចូលទស្សនាតាមអនឡាញ ១០០លាននាក់​នៅប្រទេសចិន

ម្សិលមិញ ម៉ោង 05:47:PM

 

នៅក្នុងអំឡុង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំ​ក្រុម​កីឡា​គុន​ល្បុក្កតោ ១២រូប ចូលរួម កម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នៅ​ខេត្តហឺណាន ប្រទេសចិន ថ្ងៃទី១៩ ខែតុលានេះ បានទាក់​ទាញ​ប្រជាជន​ចិន​ចូលរួម​ទស្សនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយបណ្តាញព័ត៌មានសង្គមចិនប្រមាណជាង១០០លាននាក់ ក្នុងរយៈពេល​ប្រមាណ​តែ​២៤ម៉ោង។

 

នៅក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញថ្ងៃទី២០ ខែតុលានេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា នេះជាលើកដំបូង ក្រុមកីឡាគុនល្បុក្កតោកម្ពុជា បាន​សម្តែង​ក្បាច់​គុនរួមគ្នា ជាមួយក្រុមគុនសៅលីញ ក្នុងពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែល​តាមប្រតិភូ៥៦ប្រទេសចូលរួម នៅខេត្តហឺណាន។

ឯកឧត្តម បានបន្តថា តាមរយៈកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ» មានអ្នក​ចូល​ទស្សនា​តាម​ប្រព័ន្ធផ្សាយផ្សាយបណ្តាញព័ត៌មានសង្គមអនឡាញចិនប្រមាណ ១០០លាននាក់ ពិសេ​ស​ជាងនេះ គឺកម្ពុជា ទទួលបានឱកាសផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា នៅក្នុងប្រទេសចិន និង​ទៅកាន់ពិភពលោកទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា នេះជាលើកទី២ ដែលក្រុមកីឡាគុនល្បុក្កតោ បាន​សម្តែង​ក្បាច់​គុន​រួមគ្នា ជាមួយក្រុមកីឡាគុនសៅលីញ ខណៈ ការសម្តែងលើកទី១ គឺបានធ្វើឡើង​នៅ​ក្នុង​ពិធី​អបអរសាទរបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាល​ពី​ខែ​មេសា ឆ្នាំ២០២៤ កន្លងទៅនេះ នៅលើទឹកដីសៀមរាប-អង្គរ ហើយកាលនោះ កម្ពុជា​យើង​ទទួល​បាន​ឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាច្រើនទៅកាន់ប្រទេសចិន និងទៅកាន់​ពិភព​លោក​ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤នេះ កម្ពុជា ចិន សហការៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ទៀត រួមមាន ទី១ ព្រឹត្តិការណ៍​តាំង​បង្ហាញ​ម្ហូប​អាហារ​កម្ពុជា ចិន នៅខេត្តសៀមរាប នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ ទី២ ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ សាសនា កម្ពុជា ចិន និងទី៣ ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ កម្ពុជា ចិន ដែល​ព្រឹត្តិការណ៍នឹងរៀបចំក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ហើយសម្រាប់កម្មវិធីបិទ ឆ្នាំនៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា-ចិន ២០២៤ នឹងប្រារព្វពិធីបិទនៅដើមឆ្នាំ២០២៥ នៅខេត្តហឺណាន ប្រទេសចិន៕