មិត្ដទ្រុស្ដមិត្ដ ល្បួងមិត្ដភក្ដិមកផឹក ដាក់ថ្នាំសណ្ដំយកម៉ូតូ

18-តុលា-2024 - ម៉ោង 04:33:PM

 

រាជធានីភ្នំពេញ៖ បុរស-ស្រ្ដី២នាក់ប្ដីប្រពន្ធ បានប្រើប្រាស់ល្បិចដ៏លាមក បោកបញ្ឆោតមិត្ដភក្ដិមកផឹក លួចយកម៉ូតូ ហើយគេចខ្លួនបាត់ អស់រយៈពេល១ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤ នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពី១ឆ្នាំមុន ជនសង័្សយ២នាក់ប្ដីប្រពន្ធ បានល្បួងមិត្ដភក្ដិមកផឹកស៊ី នៅក្នុងផ្ទះជួលរបស់ពួកគេ។ ប៉ុន្ដែនៅពេលជនរងគ្រោះចូលបន្ទប់ទឹក បែរជាជនសង័្សយបានលួចដាក់ថ្នាំសណ្ដំទៅក្នុងកែវស្រា ហើយពេលគាត់ផឹក ក៏សន្លប់ស្ដូកស្ដឹង។ ភ្លាមៗនោះ ពួកគេទាំង២នាក់ បានលួចម៉ូតូរបស់ជនរងគ្រោះ ទាំងទូរស័ព្ទ ចំនួន២គ្រឿង ហើយគេចខ្លួនបាត់។ លុះមកដល់វេលាកើតហេតុ ជនរងគ្រោះបានល្បួងមកផឹក ហើយឃាត់ខ្លួនប្រគល់សមត្ថកិច្ចតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ច បាននាំខ្លួនជនសង័្សយ ទៅចាត់ការតាមច្បាប់៕