ប្លុកប៊្រីកស៍ កំពុងធ្វើសង្គ្រាមលុបបំបាត់លុយអាមេរិក ចេញពីសេដ្ឋកិច្ចពិភពលោក

18 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ ចាប់តាំងពីសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក បណ្ដាប្រទេសមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត បានរលកទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ប៉ុន្ដែឥឡូវ ប្រធានាធិបតីរុស្ស៊ី កំពុងតែបញ្ចុះបញ្ចូលដល់បណ្ដាសមាជិករបស់ប្លុកប៊្រីកស៍ (BRICS) ដែលប្រកាសខ្លួនឯង ជាលោកខាងត្បូង ឲ្យឈប់ចាយវាយប្រាក់ដុល្លារអាមេរិក ចេញពីការធ្វើពាណិជ្ជកម្មរបស់ពិភពលោក។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី សង្ឃឹម ថា បណ្ដាលប្រទេសជាសម្ពន្ធមិត្តរបស់ប្លុកប្រ៊ីកស៍ (BRICS) នឹងគាំទ្រគាត់ ចំពោះការបន្សាបដល់ឧត្ដមភាពប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នៅក្នុងការទូទាត់សេដ្ឋកិច្ចរបស់ពិភពលោក។

លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ត្រូវបានគេរំពឹង ថា នឹងបញ្ចុះបញ្ចូលដល់សម្ពន្ធមិត្តរបស់ក្រុងមូស្គូ នៅក្នុងកិច្ចប្រជុំកំពូល BRICS នាពេលខាងមុខ ដើម្បីអនុម័តនូវជម្រើសមួយផ្សេងទៀត សម្រាប់ជំនួសប្រាក់ដុល្លារអាមេរិក លើការទូទាត់សេដ្ឋកិច្ចរបស់ពិភពលោក។

ប្រទេសរុស្ស៊ី បានប្រឈមមុខនឹងរលកទណ្ឌកម្មជាបន្ដបន្ទាប់ ពីលោកខាងលិច និង សម្ពន្ធមិត្តរបស់ខ្លួន ចាប់តាំងពីសង្គ្រាម នៅអ៊ុយក្រែន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ រីឯបណ្ដាមេដឹកនាំប្រទេសមានសេដ្ឋកិច្ច កំពុងតែរីកចម្រើន ត្រូវគេរំពឹងទុក ថា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលប៊្រីកស៍ នៅក្នុងទីក្រុងកាហ្សាន់ (Kazan) ប្រទេសរុស្ស៊ី ចន្លោះពីថ្ងៃទី២២-២៤ ខែតុលា។

រដ្ឋាភិបាលក្រុងមូស្គូ ទំនងជាបង្ហាញ ថា រុស្ស៊ី មានភាពស៊ាំពីការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីផ្តាច់រុស្ស៊ី ចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ដូច្នេះ រុស្ស៊ី នឹងបញ្ចុះបញ្ចូលសមាជិកផ្សេងៗទៀត នៅក្នុងប្លុកនេះ ឱ្យផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសកល ឈប់ចាយវាយប្រាក់ដុល្លារអាមេរិក។

ប្លុក BRICS ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៩ ដោយយកអក្សរខាងដើមរបស់ប្រទេសចំនួន៥ មកធ្វើជាឈ្មោះរបស់ខ្លួន រួមមាន៖ ប្រេស៊ីល (Brazil), រុស្ស៊ី (Russia), ឥណ្ឌា (India), និង ចិន (China) ហើយ១ឆ្នាំក្រោយមក ទើបអាហ្វ្រិកខាងត្បូង បានចូលរួមដែរ។ បច្ចុប្បន្ន ប្លុកប៊្រីកស៍នេះ មានសមាជិកចំនួន១០ ខណៈប្រទេសចំនួន៣៤ផ្សេងទៀត កំពុងតែរង់ចាំចូលរួម។

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានគូសបញ្ជាក់ អំពីឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រ៊ីកស៍ ថា បើ GDP របស់ប្លុកនេះ បូកបញ្ចូលគ្នាទាំងអស់ នឹងកើនឡើង រហូតដល់៦០ពាន់ពាន់លានដុល្លារ ឬ៦០ទ្រីលានដុល្លារ។ ដូច្នេះផលិតផលក្នុងស្រុកសរុបរបស់ប៊្រីកស៍ នឹងកើនលើសប្លុក G7 ។

នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រទេស G7 រួមមាន៖ កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ហើយមានប្រជាជនសរុប ប្រហែល ៧៨០លាននាក់។ រីឯក្រុមប្រទេស G7 មានផលិតផលក្នុងស្រុកសរុប ឬ GDP ស្មើនឹង៣០ភាគរយ នៃ GDP របស់ពិភពលោក៕

ពត័មានពេញនិយម