ដង្ហែ​ស.ព​បណ្តើរ សាច់ញាតិនិងពលរដ្ឋ​ស្រែករកយុត្តិធម៌បណ្តើរ ក្នុងករណីរថយន្តបុ.ក ម៉ូតូ ស្លាប់ម្នាក់ រួចជនបង្កគេច​ខ្លួនបាត់

18 ម៉ោងមុន

ខេត្តសៀមរាប ៖ ​រឿងរ៉ាវ​ដ៏​សោកសៅ​មួយ​ដែលមិន​ធ្លាប់​មាន ខណៈ​បងប្អូន​ពលរដ្ឋ​ពេល​នាំ​គ្នា​ដង្ហែ​សព អម​ដោយសំឡេង​ខ្ល​ង​ខែ​ក​ផង​នោះ បាន​នាំ​គ្នា​ស្រែក​រក​យុត្តិធម៌​គួរ​ឱ្យ​សង្វេគ សម្រាប់​សព​ស្ត្រី​ម្នាក់​ដែល​រង​គ្រោះ​​​ដោយសារ​រថយន្ត​បុក​ស្លាប់ ។

ការ​នាំ​គ្នា​ស្រែក​ទ្រហោយំ​នោះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​សម្ដែង​នូវ​ការ​ខកចិត្ត និង​ព្រួយបារម្ភ​ខ្លាំង ដោយ​ខ្លាច​ជន​បង្ក​អាច​គេចខ្លួន​ផុត​ពី​សំណាញ់​ច្បាប់ ខណ​:​ផ្លា​ក​លេខ​រថយន្ត ត្រូវ​រើស​បាន​នៅ​កន្លែង​កើត​ហេតុ តាំងពី​ថ្ងៃ​ទី​១៨ តុលា តែ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែតុលា​នេះ ជន​បង្ក​មិន​ទាន់​រក​ឃើញ គឺ​នៅ​ស្ងាត់​ឈឹង​ដូច​​ចោរលួចសេះ។ ដូចនេះក្រុមគ្រួសារជនរងគ្រោះក៏បាន​ស្នើរសុំ​ដល់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ ជួយ​រក​យុត្តិធម៌​ផង​ដែរ ខណៈ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជន​​ដែល​​​បើករថយន្ត​បុក​ស្លាប់​នៅឡើយ​នោះ ។

សព​ជន​រង​គ្រោះ ត្រូវ​បាន​បូជា​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​អធ្វា ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប បន្សល់​ទុក​កូនកំព្រា​ចំនួន​ពីរ​នាក់​នៅ​តូច​ៗ​គួរ​ឱ្យ​សោក​ស​ង្រែ​ង ។

គូរ​បញ្ជាក់​ផង​ដែរ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​០១​និង​១៥​នាទី​រសៀល នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​ក្រោម ស្ថិត​​​​​​​​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប ។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រថយន្ត​បុក​ម៉ូតូ​បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នោះ សមត្ថកិច្ចជំនាញ​បាន​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ត​បង្ក ខណៈ​មក​ដល់​ថ្ងៃនេះ​មាន​តម្រុយ​ខ្លះ​ហើយ តាម​រយៈ​ផ្លាក​​​លេខ​រថយន្ត​ដែល​បុក​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​​នោះ ។

លោកស្នងការ​បាន​បន្ថែម​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ គឺ​រវាង​រថយន្ត​ម៉ាក​ព្រូស​(Prius) ពណ៌​ស ពាក់​ផ្លា​ក​លេខ សៀមរាប ២B-០៧៥៨ ​ពេល​នោះ អ្នក​បេ​​កបរ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កេ​​ត​ហេតុ ដោយ​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជេ​​ង​ទៅ​ត្បូង បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប ១AF-៤៤៣៥ បើកបរ​ដោយ​ឈ្មោះ ឡិ គឹម​សួរ ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ទ្រាក សង្កាត់​សៀមរាប ក្រុង​សៀមរាប ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ក្រោយ​បុក​ម៉ូតូ រថយន្ត​បង្ក​នោះ ក៏​បាន​ទៅ​បុក​រថយន្តមួយ​គ្រឿងទៀត​​​​​​​​​​ម៉ាក morning ពណ៌​ទឹកក្រូច ពាក់​ផ្លា​ក​លេខ សៀមរាប ២B-៦១៦០ ដែល​ចត​នៅ​ក្នុង​ចំណត​ខាងកើត​ផ្លូវ បែរ​​ក្បាល​ទៅ​ទិស​ខាងកើត ដែល​មាន​ម្ចាស់​ឈ្មោះ ប៊ុ​ន ជូ ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោកស្នងការ​បានបញ្ជាក់​ទៀត​ថា ចំពោះ​ហេតុ​ការណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​ ​ស្ត្រី​ម្នាក់​ឈ្មោះ ឡិ គឹ​ម​សួរ (​អ្នក​ជិះ​ម៉ូតូ​) បានស្លាប់។ ចំណែករថយន្ត​ម៉ាក morning ខូចខាត​ធ្ងន់ ដោយសា​ររថ​យន្ត​ព្រូស​បុក​មួយ​តង់​ទៀត ឯ​ម៉ូតូ​ក៏ខូចខាត​ធ្ងន់ផងដែរ ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ការិ​យា​ល័យ​ជំនាញ បាន​ចុះ​ធ្វេ​​ការ​វាស់វែង និង​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ ចំណែក​អ្នក​បើករថយន្ត​បង្ក​បាន​គេចខ្លួន​បាត់ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​យក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ពត័មានពេញនិយម