ជនជាតិចិន បើករថយន្ដបុកគ្នា ក្រឡាប់ប្រះខ្លួនដេកលើថ្នល់

18-តុលា-2024 - ម៉ោង 04:32:PM

 

រាជធានីភ្នំពេញ៖ ជនជាតិចិន ចំនួន២នាក់ បានបើករថយន្ដ២គ្រឿងលឿនដូចគ្នា ជ្រុលចង្កូតទៅបុកគ្នា ធ្វើឲ្យរថយន្ដមួយគ្រឿង គេចទៅបុកពំនុំរបាំងថ្ម ក្រឡាប់ផ្ងារជើង ប្រះខ្លួនដេកទៅលើថ្នល់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង ៣៦នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅកោះពេជ្រ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្ដមួយគ្រឿង ម៉ាក JAC ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5201 បើកបរយ៉ាងលឿន នៅក្នុងទិសដៅពីត្បូងទៅជើង។ ស្របគ្នានេះដែរ ក៏មានរថយន្ដស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0082 បើកបរ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។ លុះពេលរថយន្ដទាំង២ បើកមកដល់ចំណុចកើតហេតុ ក៏វាក់គ្នា ធ្វើឲ្យរថយន្ដម៉ាកអាល់ហ្វាដ គេចជ្រុលទៅបុកពំនុំរបាំងថ្មយ៉ាងពេញទំហឹង ក្រឡាប់ប្រះខ្លួនដេកទៅលើថ្នល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានចាត់ការតាមនីតិវិធី៕