ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ៖ ចំពោះ​មន្ដ្រី​នគរបាល​រូប​ណា​មាន​ក្បាល​ពោះធំ គឺ​ហាម​មិន​ឲ្យ​ចេញ​ទៅ​បំពេញការងារ​នៅ​ខាងក្រៅជាដាច់ខាត

21 ម៉ោងមុន

រាជធានី​ភ្នំពេញ ​៖​ មតិសាធារណៈជន​នាំ​គ្នា​លើក​ឡើង​ថា បើ​មន្ត្រី​សមត្ថកិច្ច​មាន​ក្បាល​ពោះធំ​ឬ​ធា​ត់ម្លឹង​ៗ តើ​ដេញចាប់​ជនល្មើស​យ៉ាងម៉េច? ។ ការ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបាន​លើក​ឡើង​ថា ​សមត្ថកិច្ច​មាន​ក្បាល​ពោះធំ​មិន​អនុញ្ញាត​ឲ្យ​បំពេញ​ការងា​នៅ​ខាងក្រៅឡើយ​។

យោង​តាម​សារ​សម្លេង​បញ្ជាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ជា​ថ្មី​ថា ចំពោះ​មន្ដ្រី​នគរបាល​រូប​ណា​មាន​ក្បាល​ពោះធំ គឺ​ហាម​មិន​ឲ្យ​ចេញ​ទៅ​បំពេញការងារ​នៅ​ខាងក្រៅតាម​ទី​សាធារណៈចុះ​បង្ក្រាបជាដើម ប៉ុន្ដែ​ត្រូវ​បំពេញការងារនៅ​ក្នុង​ការិយាល័យ​វិញ​។

តាម​សារ​បញ្ជាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រី​កងកម្លាំង​នគរបាល ដែល​មាន​ក្បាល​ពោះធំ ផ្ញើ​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤​។

ឯកឧត្តមបានគូសបញ្ជាក់​ថា «​ខ្ញុំសូម​រំលឹក​សារ​ជា​ថ្មី ស្នើ​សុំ​ធ្វើ​យ៉ាងម៉េច នគរបាល​ដែល​គាត់​មាន​មាឌធំ ដុះក្បាលពោះ គឺ​មិនមែន មិន​ឲ្យ​ធ្វើការ​នោះ​ទេ​ឲ្យ​ធ្វើការ ប៉ុន្ដែ​ធ្វើការ​នៅ​ប្រូ ហាម​ដាច់ខាត​កុំ​ឲ្យ​គាត់​ចេញ​ទៅ​អនុវត្ត​កិច្ច​ការងារ ជា​ពិសេស ​ទៅ​លើ​ការ​ប៉ះពាល់​ជាមួយ​មហាជន ជា​ពិសេស​ ខាងក្រៅ​នេះ ដូច្នេះ​ សូម​អនុវត្ត​កិច្ច​ការងារ​នេះ​ឲ្យ​ម៉ឺងម៉ាត់​»​។

តាម​ប្រមុខ​ក្រសួងមហាផ្ទៃ បើ​មន្ដ្រី​នរ​គ​បាល​ទាំងនោះ ចង់​ចេញ​បំពេញការងារ​នៅ​ខាងក្រៅ ចុះ​បង្ក្រាប ប្រតិបត្តិការ​នានា​ត្រូវ​សម្រក​ក្បាលពោះ​ជា​មុន​សិន​។

ទាក់​និង​ករណី​នេះ​ដែរ​ លោក​រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​បាន​ផ្តល់​ជា​ហេតុផល​ផង ហេតុ​អ្វី​បានជា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំ​បែប​នេះ​ថា​ ៖
ទី១-​គឺ​គោលការណ៍​កាយសម្បទា​៖ ជា​សត្យា​នុ​ម័ត ជា​ពិសេស​ សម្រាប់​កងកម្លាំង​ចេញ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​នានា ត្រូវ​តែ​មាន​កាយសម្បទា​មាំមួន មិន​ស្គម​ពេក មិន​ធាត់​ពេក ពិសេស​ មិន​គួរ​ធាត់​មាន​ក្បាល​ពោះធំ​ហួស ដែល​នាំ​ឱ្យ​មានការ​លំបាក​ពេល​បំពេញការងារ ដូច​ជា​បាត់​ភាព​រហ័សរហួន និង​ឆាប់​ហត់​ជាដើម​។
ទី​២-​គោលការណ៍​សុខភាព​៖ កងកម្លាំង​ដែល​ធាត់​ហួស  ក៏​ដូច​ជន​ទូទៅ​ដែរ គឺជា​រួម​មាន​សុខភាព​មិនសូវ​ល្អ​ទេ ប្រឈម​និង​ហានិភ័យ​គ្រប់ពេល​វរ​លា​ ។ កងកម្លាំង​យើង​ត្រូវ​តែ​មាន​សុខភាព​ល្អ​មាំមួន ដើម្បី​បំពេញ​បេស​កម្ម​បម្រើ​ជាតិ និង​ប្រជាជន​បាន​ល្អ​ ។ ម្យ៉ាង​ពួក​គាត់​មាន​សុខភាព​ល្អ ក៏​ជា​សំណាង​របស់​រដ្ឋ និង​ក្រុម​គ្រួសារ ដែល​ភាគច្រើន​ក៏​មាន​ប្ដី និង​ឪពុក​ជា​កងកម្លាំង​ដែរ​។
ទី​៣-​គោលការណ៍​សាធារណ​មតិ​៖ ករណី​នេះ កន្លង​មក​ទោះជា​ក្នុង​ចំណោម​កងកម្លាំង​សរុប មាន​តិចតួច​នូវ​ករណី​កងកម្លាំង​មាន​ក្បាល​ពោះធំ​ជ្រុល​នេះ ប៉ុន្តែ​ពេល​កងកម្លាំង​នោះ​ចេញ​ប្រតិបត្តិការ​ខាងក្រៅ ដូច​ជា​សម្រួល​ចរាចរណ៍ និង​បង្ក្រាប​ជនល្មើស​ជាដើម មហាជន​តែង​មានការ​ចាប់អារម្មណ៍ និង​និយាយ​បង្អាប់​ផង រិះគន់​ផង ដូច​ជា​បើ​ក្បាល​ពោះធំ​ឬ​ធា​ត់ម្លឹង​ៗ តើ​ដេញចាប់​ជនល្មើស​យ៉ាងម៉េច​ជាដើម​?
អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា «​ដូច្នេះ​ហើយ​បានជា​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត លោក​បាន​ណែនាំ​ដល់​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត យកចិត្តទុកដាក់​រៀបចំ​កងកម្លាំង​ដែល​មាន​ក្បាល​ពោះធំ​ជ្រុល​នេះ​ឱ្យ​បំពេញការងារ​នៅ​ខាងក្នុង​ការិយាល័យ ដោយ​ជំរុញ​ឱ្យ​ខិតខំ​ធ្វើ​លំ​ហាត់ប្រាណ ពោល​គឺ​បើ​ចង់​ចេញ​បំពេញការងារ​ខាងក្រៅ ត្រូវ​តែ​ហាត់ប្រាណ​ដើម្បី​ធានា​ភាព​មាំទាំ សុខភាព​ល្អ និង​បញ្ចៀស​ការ​រិះគន់​ទាំងឡាយ​»៕

ពត័មានពេញនិយម