រាជធានីភ្នំពេញ ៖ មហាជន និងអ្នកសិល្បៈ បានចេញមករិះគន់ទៅលើពិធីករលោកតាប៊ុយ បន្ទាប់ពីតារាប្រុសរូបនេះ បានប្រើប្រាស់ពាក្យសម្តីហាក់មិនសមរម្យ និងជាសាធារណៈដោយភ្ជាប់ជាមួយនឹងរូបភាពថតមុនអាពាហ៍ពិពាហ៍របស់ សុភ័ក្រ កុសុម៉ា និងអនាគតស្វាមីរបស់នាង។
ការចេញមុខរិះគន់ពីអ្នកសិល្បៈនាពេលនេះ បានធ្វើឡើង បន្ទាប់តាប៊ុយ ធ្វើការចែកចាយរូបភាពថត Pre Wedding របស់សុភ័ក្រ កុសុម៉ា និងអនាគតស្វាមី ដោយភ្ជាប់ជាមួយនឹងសំណេរបង្ហោះលើបណ្តាញសង្គមថា «តាមពិតកូនកម្លោះសន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំថែមលុយការប្តី» ។
តាមរយៈសំណេរខាងលើនេះ គេក៏បានឃើញ សុភ័ក្រ កុសុម៉ា បានធ្វើការឆ្លើយតបដោយភាពមិនសប្បាយចិត្តថា ឯង (តាប៊ុយ) លេងយូរៗទៅដូចមិនអោយតម្លៃខ្ញុំទាំងពីរនាក់សោះ ។ នាងបញ្ជាក់ថា សំណេរនេះសរសេរមក គឺអ្នកមិនដឹងគេប្រាកដជាមិនងាយទៅដណ្តឹងខ្ញុំ ហើយមួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្ត្រី» ។
ដោយឡែក ទន្ទឹមគ្នានេះដែរ ក៏មានអ្នកសិល្បៈមួយចំនួនក៏បានចេញមុខមកធ្វើការរិះគន់ទៅលើតាប៊ុយ ចំពោះការប្រើប្រាស់ពាក្យសម្តីទាំងអស់នេះមកលើសុភ័ក្រ កុសុម៉ា ដែរ បើទោះបីជាពាក្យសម្តីរបស់លោកនាពេលនេះ គ្រាន់ជាការលេងសើចក៏ដោយ ។
តារាចម្រៀងអ្នកនាង ហង្ស សុជាតា ក៏បានបញ្ចេញសំណេរខ្លីមួយបង្ហោះលើបណ្តាញសង្គមថា ពេលខ្លះសម្ដីដែលនិយាយហើយមិនគួរគប្បី គួរកុំមិននិយាយធ្វើអីល្អជាង វាអាចសបញ្ជាក់ពីខ្លួនអែងខ្លាំង..៕
ពិធីករលោក ជា វណ្ណារិទ្ធ ក៏បានបង្ហោះសំណេរលើបណ្តាញសង្គមដែរថា ជីវិតគូរ ដែលសមប្រកបដោយសុភមង្គល យល់ចិត្តពិតប្រាកដ មិនសំដៅ មានក្រ ល្អ អាក្រក់នោះទេ សំខាន់មនុស្សពីរនាក់យល់ពីគ្នា ស្រលាញ់អត់ឱនយោគយល់ ស្មោះត្រង់នឹងគ្នា កម្រិតណា ។
លោកបញ្ជាក់ថា ការចាប់ផ្តើមជីវិតគូរ មានឡើងមានចុះ តែមិនអាចបោះបង់គ្នានោះទេ ពាក្យលេងសើចដែលខ្វះការពិចារណា អាចបកប្រហារខ្លួនឯងបានដោយមិនដឹងខ្លួន សោកស្តាយផងBro ។
ចំណែកតារាសម្តែងលោក សេង មង្គល ក៏បានបញ្ចេញសំណេររបស់ខ្លួនដែរថា បែងចែកឱ្យដាច់រវាងនិយាយលេង និង និយាយមិនចេះគិត ។
ពិធីការិនី ពេជ្រ សេរីរ័ត្ន ក៏បានបញ្ចេញជាគំនិតយោបល់ផ្ទាល់ខ្លួនពាក់ព័ន្ធករណីខាងលើនេះដែរថា ក្តីសុខពិតប្រកដ នៃជីវិតគូ គឺការព្រមទទួល ការមិនគិតចាញ់ឈ្នះ ទទួលយកទាំងចំនុចល្អ និងចំនុចអាក្រក់ ការផ្តល់នូវអារម្មណ៍សុវត្តិភាព ការផ្តល់តំលៃនិងកិត្តិយសរវាងគ្នានិងគ្នា វាសំខាន់លើសពីទឹកប្រាក់ទ្រព្យធន មនុស្សមានកំណើត លុយច្បាស់ជាកើតតាមក្រោយជាក់ជាមិនខានសូមអោយប្អូនទាំងពីរមានក្តីសុខបំផុត ។
ចំណែកពិធីករលោក យារ៉ូ ក៏បានលើកឡើងថា អាងតែខុសសុំទោស ខុសសុំទោស មួយដង? បើមួយដងមិនអីទេ ខុសហើយកែ ប៉ុន្តែច្រើនដងនៅតែធ្វើរឿងដរដែលៗជាអ្វីវិញ? យកលេសសុំទោសមកដរដែលៗ? លេសឬជាអ្វី? បង្ហាញខ្លួនឯងជាមនុស្សបែបណា? ចេតនាអ្វីឲ្យប្រាកដ? ស្មោះត្រង់ជាមួយខ្លួនឯងមើលថា ជាអ្វី? សម័យនេះហើយ ខុសត្រូវសរខ្មៅលាក់បាំងមិនបានឡើយ ។
ដោយឡែកសម្រាប់អនាគតស្វាមី សុភ័ក្រ កុសុម៉ា វិញក៏បានបញ្ចេញសំណេរបង្ហោះលើបណ្តាញសង្គមដែរថា មនុស្សម្នាក់ៗតែងតែចង់បាននូវដៃគូជីវិតដែលសមប្រកប ហើយប្រសិនបើយើងបានជួបហើយគ្មានឡើយពាក្យថាមានក្រ ល្អអាក្រក់ តូចទាប ។ល។
លោកបញ្ជាក់ថា រាល់ពាក្យសម្តីដែលនិយាយទៅកាន់នរណាម្នាក់ គួរណាស់តែពិចារណា វាចារទៅលើសេចក្តីសុខឯកជន ជាជាងពាក្យចង់បានល្បីនិយាយមិនផ្តល់តម្លៃ ។
ជាការកត់សម្គាល់ ក្រោយឃើញមានការប្រតិកម្មពី សុ័ក្រ កុសុម៉ា និងការរិះគន់ពីអ្នកសិល្បះដូចគ្នាខាងលើនេះ តាប៊ុយ ក៏បានចេញមុខសុំទោស សុភ័ក្រ កុសុម៉ា ជាសាធារណៈចំពោះរឿងរ៉ាវមួយនេះ ដោយលោកចាត់ទុកថា អ្វីដែលលោកបានសសេរនេះគឺគ្មានគោលបំណងអាក្រក់អ្វីនោះឡើយ ពោលជាការលេងសើច ខណះពេលដែលលោកក៏មានគម្រោងថតឡើងវិញនូវកម្មវិធី«ពេញចិត្តឬអត់»ជាមួយនឹង សុភ័ក្រ កុសុម៉ា ផងដែរ ៕