យន្ដហោះមួយគ្រឿង ធ្លាក់នៅអាកាសយានដ្ឋានរបស់ប្រទេសឥណ្ឌូណេស៊ី

19 ម៉ោងមុន



រដ្ឋធានីហ្សាការតា៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT Sam Air បានធ្លាក់ កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានផានួ (Panua) ស្ថិតក្នុងទីក្រុងផាហ៊ូវ៉ាតូ (Pahuwato) ខេត្តហ្គោរ៉ុនតាឡូ (Gorontalo) ប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សចំនួន៤នាក់។ នេះបើតាមសារព័ត៌មាន Tempo បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។

លោក ម៉ូកហាមម៉ាដ ឃូស្នូ (Mokhammad Khusnu) នាយកទំនាក់ទំនងកិច្ចការសាធារណៈ នៃអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ជាផ្លូវការរបស់ខ្លួន ថា៖«ឧបទ្ទវហេតុធ្លាក់យន្ដហោះដឹកអ្នកដំណើរនេះ បានបណ្ដាលឲ្យមនុស្ស៤នាក់បាត់បង់ជីវិត រួមមាន៖ អាកាសយានិកម្នាក់, មន្រ្ដីទី១ម្នាក់, មេកានិកម្នាក់ និង អ្នកដំណើរម្នាក់។ រីឯជនរងគ្រោះផ្សេងៗទ្រៀត ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសុខភាពម៉ូតូហូលូ ផូហ៊ូវ៉ាន់តូ (Motoholu Pohuwanto)។

យន្ដហោះដឹកនាំដំណើរជួបនឹងគ្រោះថ្នាក់នោះ បានបើកដោយអាកាសយានិក លោក អឹម ស៊ាហ៊្វូរូប៊ី (M. Saefurubi) រួមជាមួយន្រ្ដីទី១ ឈ្មោះ អាធួ វី ជី (Arthur V. G) និង មានមេកានិកម្នាក់ ឈ្មោះ ប៊ូឌីចាន់តូ (Budijanto)។ ក្រោយមក អាកាសយានិកទាំងអស់ និង អ្នកដំណើរ ត្រូវបានគេប្រកាស ពីការស្លាប់។

លោកនាយកទំនាក់ទំនងកិច្ចការសាធារណៈ បានបន្ដ ថា យន្តហោះ PK-SMH បានហោះចេញពីអាកាសយានដ្ឋាន Gorontalo នៅវេលាម៉ោង ៧ និង៣ព្រឹកម៉ោងក្នុងស្រុក ជាមួយនឹងពេលវេលាមកដល់ ត្រូវបានប៉ាន់ស្មាន នៅម៉ោង៧ និង៣៣ព្រឹកម៉ោងក្នុងស្រុក។ នៅក្នុងអំឡុងពេលហោះហើរនោះ យន្តហោះបានបាត់បង់ការទាក់ទង នៅវេលាម៉ោង ៧ និង ២២នាទីព្រឹក។ ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមក យន្តហោះនេះត្រូវបានគេរកឃើញ ស្ថិតក្នុងស្ថានភាពខូចខាតទាំងស្រុង ដោយសារតែគ្រោះថ្នាក់ធ្លាក់ នៅក្នុងវាលភក់។

ស្របគ្នានេះដែរ លោក លូកម៉ែន អេហ្វ ឡៃសា (Lukman F. Laisa) អគ្គនាយកស្តីទីនៃអាកាសចរណ៍ស៊ីវិល បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុនេះ។ ឥឡូវ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងតែសម្របសម្រួលជាមួយគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ (KNKT) និង ស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេតបន្ថែមលើឧប្បត្តិហេតុនេះ៕

ពត័មានពេញនិយម