រថយន្ដដឹកកម្មករមួយគ្រឿង បុកគ្នាជាមួយនឹងរថយន្ដមួយគ្រឿងផ្សេងទៀត រងរបួសធ្ងន់-ស្រាលជិត៣០នាក់

09-កក្តដា-2024 - ម៉ោង 01:55:PM

ខេត្តកំពង់ស្ពឺ៖ រថយន្ដដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង បានបើកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្ដមួយគ្រឿងផ្សេងទៀត បណ្ដាលឲ្យរងរបួសធ្ងន់-ស្រាល ចំនួន២៦នាក់ ហើយរថយន្ដទាំង២គ្រឿង បានរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៨ និង ៥៥នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ មានរថយន្ដមួយគ្រឿង ម៉ាក Hyundai Mighty ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1302 បានបើកដឹកកម្មករ-កម្មការិនីរោងចក្រ តាមបណ្ដោយផ្លូវជាតិលេខ៤ នៅក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្ដនេះ បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នា ជាមួយនឹងរថយន្ដមួយគ្រឿងផ្សេងទៀត ម៉ាក SSONG YONG ACTYON ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 2BH-8660 យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿង ខូចខាតយ៉ាងដំណំ ហើយអ្នកនៅក្នុងរថយន្ដ បានរងរបួសចំនួន២៦នាក់ ដោយក្នុងនោះមានអ្នករងរបួសធ្ងន់ ចំនួន៦នាក់។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកបសេដ្ឋ បានឲ្យដឹង ថា រថយន្ដដឹកកម្មករ-កម្មការិនីរោងចក្រ ម៉ាក Hyundai Mighty ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ដដឹកកម្មកររោងចក្រ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ រីឯរថយន្តមួយគ្រឿងទៀត ម៉ាក SSONG YONG ACTYON ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និង ដកហូតយានយន្ដពាក់ទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែក អ្នករងរបួស ត្រូវបានសមត្ថកិច្ច និង អាជ្ញាធរ ដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យរដ្ឋ និង គ្លីនិកឯកជន ដែលជាដៃគូរបស់ប.ស.ស៕

ពត័មានពេញនិយម