នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ដែលរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមប្រជាពលរដ្ឋខេត្តតាកែវ ជាច្រើនរូបទៀត។
«រុក្ខទិវា» ត្រូវបានបានផ្តួចផ្តើមប្រារព្ធចាប់តាំងពីឆ្នាំ១៩៥២មក ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដើម្បីបន្តស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ។ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ពិធីរុក្ខទិវាលើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ស្ថិតនៅទីតាំងស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នារ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលស្ថិតនៅជាប់ជាមួយនឹងចម្ការឈើរុក្ខទិវាដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្លាប់បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតកាលពីឆ្នាំ២០០៨។
ស្ថានីយបន្ទាយអង្គរត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៧ ដោយគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តតាកែវ និងប្រគល់មកឱ្យនាយកដ្ឋានរុក្ខាប្រមាញ់ បច្ចុប្បន្នរដ្ឋបាលព្រៃឈើ ដើម្បីគ្រប់គ្រង និងបង្កើតស្ថានីយដាំឈើលើផ្ទៃដីទំហំ ១,១០០ហិកតា។
ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១១ ផ្ទៃដីទំហំ ៩៨៤ហិកតា ត្រូវបានប្រើប្រាស់ដើម្បីដាំដុះឈើប្រភេទប្រេងខ្យល់ និងអាកាស្យាដោយប្រើថវិការដ្ឋ។ នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្ម និងដាំដុះដើមឈើឡើង វិញលើទីតាំងនេះ ហើយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបានដាំឈើប្រេងខ្យល់ជាចម្ការថ្មីលើផ្ទៃដីទំហំ ៨៤១ហិកតា។ ដោយឡែកក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីទំហំ ៧៨ហិកតានៃដីស្ថានីយនេះ សម្រាប់សាងសង់ប្រាសាទកតញ្ញូ សាលាទទួលពុទ្ធបរិស័ទ ប្រាសាទព្រះគោ-ព្រះកែវ សាលាសំណាក់ធម៌ និងសំណង់សិល្បការ្យផ្សេងទៀតដែលស្ថិតនៅជាប់នឹងទីតាំងប្រារព្ធពិធីនេះ ដើម្បីជាប្រយោជន៍សាធារណៈ។
សម្រាប់ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើទីតាំងនេះ ដែលមានទំហំ ៣ហិកតា។ ដោយឡែកក្នុងឆ្នាំ២០២៤នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦,៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវា បានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។
ជាងនេះទៀត រដ្ឋបាលព្រៃឈើក៏បានបណ្តុះ និងដាំកូនឈើ បានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋគិតត្រឹមឆ្នាំ២០២៤នេះ ជាមួយសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត៕