បុរសម្នាក់ផ្ទុះភ្លើងប្រចណ្ឌ ទាញកាំបិតកាប់ប្រពន្ធ ព្រោះលួចលាក់លេងល្បែងផ្កាប់ផ្ងារលើគ្រែជាមួយមាបង្កើតរបស់ខ្លួន

09-កក្តដា-2024 - ម៉ោង 01:43:PM

 

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានដឹងអំពីគំនិតដ៏អាក្រក់របស់ប្រពន្ធខ្លួន លួចលាក់លេងល្បែងស្នេហាផ្កាប់ផ្ងារនៅលើគ្រែ ជាមួយនឹងឪពុកមាបង្កើតរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនៅតែមិនព្រមបញ្ឈប់សកម្មភាពបែបនេះទៀត រហូតធ្វើឲ្យគាត់មិនអាចគ្រប់គ្រងភ្លើងប្រចណ្ឌបាន ក៏ទាញកាំបិតកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន រួចបញ្ចប់ជីវិតរបស់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង ១០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមាននូវអំពើហិង្សា នៅក្នុងគ្រួសារនោះ ស្រ្ដីរងគ្រោះ បានលួចលាក់លេងល្បែងស្នេហាផ្កាប់ផ្ងារ ជាមួយនឹងឪពុកមាបង្កើតរបស់ប្ដីនាង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ប៉ុន្ដែអំពើសហាយស្មន់របស់នាង ជាមួយនឹងឪពុកមាសាច់ថ្លៃខាងប្ដីនោះ មិនអាចលាក់បាំងពីប្ដីរបស់នាងជារៀងរហូតនោះឡើយ ទើបប្ដីរបស់នាងបានប្រាប់ទៅប្រពន្ធរបស់ខ្លួនវិញជាញឹកញាប់ ត្រូវតែឈប់សកម្មភាពបែបនេះបន្ដទៅទៀត។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ថ្វីបើមានការព្រមានពីប្ដីរបស់នាង ជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ស្រ្ដីជាប្រពន្ធ នៅតែបន្ដលួចលាក់តាមទម្លាប់របស់នាង។ រីឯបុរសជាប្ដី ក៏ចេះតែកើតទុក្ខរីងរៃយ៉ាងខ្លាំង។ លុះមកដល់វេលាកើតហេតុ ស្រាប់តែផ្ទុះនូវអំពើហិង្សា បង្កឡើងដោយបុរសជាប្ដី បានទាញកាំបិតកាប់ប្រហារទៅលើប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់ រួចហើយបានចងកបញ្ចប់ជីវិតរបស់ខ្លួន នៅក្នុងផ្ទះតែម្ដង។

បើទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងរឿងរ៉ាវច្បាស់លាស់ រវាងប្ដីប្រពន្ធទាំង២នាក់នេះទេ ហើយការលើកឡើងទាំងនេះ គ្រាន់តែជាការអះអាង ពីអ្នកផ្សេងតែប៉ុណ្ណោះ។ ចំពោះរឿងរ៉ាវពិតយ៉ាងណានោះ មានតែស្រ្ដីរងគ្រោះ និង ប្ដីរបស់នាងតែប៉ុណ្ណោះ ទើបដឹងច្បាស់ ខណៈបុរសជាប្ដីបានស្លាប់បាត់ទៅហើយ។ ដោយឡែក ស្រ្ដីរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ ក្រោយពេលកើតហេតុភ្លាមៗ៕

ពត័មានពេញនិយម