ក្មេងស្រីចំនួន៣នាក់ លង់ទឹកស្រះ ធ្វើឲ្យឪពុកម្ដាយស្ទើរប្រេះដើមទ្រូងស្លាប់

09-កក្តដា-2024 - ម៉ោង 01:39:PM

រាជធានីភ្នំពេញ៖ ក្មេងស្រីចំនួន៣នាក់ បានលង់ទឹកស្លាប់ជាបន្ដបន្ទាប់គ្នា បង្កឲ្យភ្ញាក់ផ្អើលដល់អាជ្ញាធរ និង សមត្ថកិច្ច នាំគ្នាចុះទៅមុជរាវ ហើយបានរកឃើញសាកសព កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងស្រះទឹកមួយកន្លែង នៅតាមផ្លូវជាតិលេខ២១អា ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានក្មេងស្រីចំនួន៣នាក់ បាននាំគ្នាទៅលេងទឹកស្រះ។ លុះមកដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី៨ ខែកក្កដា ទើបមានការភ្ញាក់ផ្អើល ថា ក្មេងស្រីទាំង៣នាក់នេះ បានលង់ទឹកស្លាប់ ហើយអ្នកភូមិក៏បានរាយការណ៍ទៅអាជ្ញាធរ និង សមត្ថកិច្ច នាំគ្នាចុះទៅមុជរាវ រហូតរកឃើញសាកសពរបស់ក្មេងស្រីរងគ្រោះជាបន្ដបន្ទាប់។ ករណីនេះ អាចក្មេងស្រីម្នាក់លង់ទឹក ហើយក្មេងស្រី២នាក់ផ្សេងទៀត ឃើញក៏ហក់ទៅជួយ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់ទាំងអស់គ្នាបែបនេះ។

ក្រោយពេល សមត្ថកិច្ច និង អាជ្ញាធរ បានមុជរាវរកឃើញសាកសពរបស់ក្មេងស្រីរងគ្រោះរួចហើយ ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមការយំសោកស្ដាយពីឪពុកម្ដាយ និង សាច់ញាតិ៕

ពត័មានពេញនិយម