បុរសម្នាក់ដើរចេញពីផ្ទះ មកជួបនឹងគ្រោះអកុសល ត្រូវម៉ូតូបុកស្លាប់មួយរំពេច

08-កក្តដា-2024 - ម៉ោង 06:58:PM

 

ខេត្តព្រះសីហនុ៖ បុរសម្នាក់កំពុងតែដើរតាមផ្លូវ ស្រាប់តែមកជួបនឹងគ្រោះអកុសល មានអ្នកជិះម៉ូតូម្នាក់ បើកបរទាំងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគាត់យ៉ាងពេញទំហឹង បណ្ដាលឲ្យបាត់បង់ជីវិតមួយរំពេច បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ព្រឹកព្រលឹម ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សនោះ គេឃើញបុរសម្នាក់កំពុងតែដើរតាមផ្លូវ។ លុះពេលជនរងគ្រោះ បានដើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានអ្នកជិះម៉ូតូម្នាក់ បានបើកមកបុកគាត់ បណ្ដាលឲ្យបាត់បង់ជីវិតមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះជូនទៅក្រុមគ្រួសារ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម