នៅថ្ងៃទី៨ ខែកក្កដានេះ ជាថ្ងៃចុងក្រោយនៃដំណើរបំពេញទស្សនាកិច្ចផ្លូវការបស់ ឯកឧត្តម ជិន ភីល័ គ្រូអ៊ិច (Jean-Pierre Lacroix) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ UN រយៈពេល៤ថ្ងៃ នៅកម្ពុជា។ ដំណើរទស្សនៈកិច្ច បានអញ្ជើញពិនិត្យលើការងារដោះមីន ការរៀបចំកម្លាំងត្រៀមការគ្រប់គ្រង និងការហ្វឹកហ្វឺនកងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា មុននឹងចាត់បញ្ជូនកងកម្លាំងទ័ពមួកខៀវចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព UN ។
ជារួមនៅក្នុងដំណើរទស្សនៈកិច្ចផ្លូវការនេះ ឯកឧត្តមអគ្គលេខាធិការរង UN បានធ្វើការកោតសរសើរកម្ពុជា ដែលបានធ្វើការងារល្អប្រសើរ លើការងារត្រៀម និងការគ្រប់គ្រង ការហ្វឹកហ្វឺនកងកម្លាំងថែរក្សាសន្តិភាព មុននឹងចាត់បញ្ជូនកងកម្លាំងទាំងនោះចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពក្របខ័ណ្ឌ UN ហើយថា កម្ពុជាជាប្រទេសជោគជ័យលើការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌUN ដើម្បីចូលរួមធានានូវសុខសន្តិសុខ និងសុវត្ថិភាព ដល់បណ្ដាប្រទេសដទៃទៀត ដែលការណ៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់ បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។
ឯកឧត្តមអគ្គលេខាធិការរង UN ថ្លែងថា UN បន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ចូលរួមកាងារប្រតិបត្តិការថែរក្សាសន្តិភាព UN ហើយតាមរយៈការចូលរួមប្រតិបត្តិការថែរក្សាសន្តិភាព UN រយៈពេល១៨ឆ្នាំមកនេះ កម្ពុជាទទួលបានចំណេះដឹង និងពិសោធន៍ច្រើន និងស្នើឲ្យចែករំលែកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈនេះជូនដល់បណ្តាប្រទេសដទៃពិសេសការងារដោះមីន និងកម្ទេចគ្រឿងផ្ទុះ។
នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានថ្លែងថា តាមរយៈដំណើរបំពេញទស្សនៈកិច្ចរបស់មន្ត្រីជាន់ខ្ពស់ UN មកកម្ពុជានេះត្រូវបានUNសំណូមពររៀបចំកងកម្លាំងត្រៀមបំរុង ខណៈកម្ពុជាក៏បានដាក់បញ្ចូលកងកម្លាំងរក្សាសន្តិភាពចូលទៅក្នុងប្រព័ន្ធត្រៀមជាស្រាច់របស់អង្គការសហប្រជាជាតិ UN PCRS មានចំនួន៤កងរួមមាន៖ កងវិស្វកម្មព្រលានយន្តហោះមួយកងចំនួន១២៩នាក់ កងស្ពានបណ្តែតទឹក និងចល័តលើគោក ១កង ចំនួន១៩៤នាក់ និងកងអាវុធហត្ថ ១កងចំនួន១១៩នាក់ រួចហើយហើយកងទាំងនេះអស់ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញរួចរាល់អស់ហើយ ដើម្បីត្រៀមចាត់បញ្ជូនរហ័សក្នុងការប្រតិបត្តិការថែរក្សាសន្តិភាពអន្តរជាតនៅថ្ងៃខាងមុខ៕