រុស្ស៊ី គំរាមហ្វាំងឡង់ដ៍ ផ្ដល់មូលដ្ឋានយោធារបស់ខ្លួនដល់ទាហានអាមេរិកប្រើប្រាស់

05-កក្តដា-2024 - ម៉ោង 10:16:AM

 

រដ្ឋធានីមូស្គូ៖ ក្រោយពេលបានក្លាយជាសមាជិករបស់អង្គការណាតូ កាលពីឆ្នាំ២០២៣នោះមក ឥឡូវ ប្រទេសហ្វាំងឡង់ដ៍ បានចាប់ផ្ដើមបង្កើតកិច្ចព្រមព្រៀងការពារជាតិមួយ ជាមួយនឹងសហរដ្ឋអាមេរិក ទើបនាំឲ្យមានការព្រមាន ពីរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ ថា អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៉ី បញ្ជាក់ កាលពីថ្ងៃពុធ ទី៣ ខែកក្កដា ថា រដ្ឋាភិបាលក្រុងមូស្គូ នឹងចាត់វិធានការឆ្លើយតប ប្រសិនបើហ្វាំងឡង់ដ៍ បានសម្រេចចិត្តអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងប្រទេសរបស់ខ្លួន។

លោក អេនឌ្រេ ណាស្ដាស៊ីន (Andrei Nastasin) អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ ថា «ខ្ញុំសូមបញ្ជាក់បាន ថា រុស្ស៉ី នឹងមិនអនុញ្ញាតដល់អង្គការណាតូ ពង្រីកវត្ដមានកងទ័ពរបស់ខ្លួន នៅតាមបណ្ដោយព្រំដែនរបស់យើង នោះឡើយ ព្រោះវាជាការគំរាមកំហែង មកលើសន្តិសុខរបស់សហព័ន្ធន៍រុស្ស៉ី។ ក្រុងមូស្គូ នឹងចាត់វិធានការចាំបាច់ ដើម្បីប្រឆាំងជាមួយនឹងនឹងការសម្រេចចិត្តយ៉ាងគឃ្លើនណាមួយរបស់ប្រទេសហ្វាំងឡង់ដ៍ រួមទាំងសមាជិកផ្សេងៗទៀតរបស់អង្គការណាតូ។

ការគំរាមកំហែងរបស់រុស្ស៊ី បានកើតឡើង ក្រោយពេលសភារបស់ហ្វាំងឡង់ដ៍ កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ បានអនុម័តលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាមួយ ជាមួយនឹងសហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា កាលពីខែធ្នូ ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ នឹងបើកទ្វារ សម្រាប់មូលដ្ឋានកងទ័ពចំនួន១៥របស់ប្រទេសហ្វាំងឡង់ដ៍ ដើម្បីអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់។ ការបង្កើតនូវកិច្ចព្រមព្រៀងនេះ បានកើតឡើង ក្រោយពេលហ្វាំងឡងដ៍ បានក្លាយជាសមាជិករបស់អង្គការណាតូ កាលពីឆ្នាំ២០២៣៕

ពត័មានពេញនិយម