បុរសជនជាតិចិនម្នាក់ បើករថយន្ដលឿន បុករបាំងថ្មខូចខាតយ៉ាងដំណំ

03-កក្តដា-2024 - ម៉ោង 05:39:PM

រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ដយ៉ាងលឿន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវ និងដើមឈើមួយដើម បណ្ដាលឲ្យរងរបួស និង ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខខុនដូកោះនរា តាមផ្លូវកោះនា ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្ដ ម៉ាក Honda CRV ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-4870 យ៉ាងលឿន តាមបណ្ដោយផ្លូវកោះនរា នៅក្នុងទិសដៅពីកើតទៅលិច។ លុះពេលគាត់បើករថយន្ដមកដល់ចំណុចកើតហេតុ ទំនងជាដោយសាររថយន្ដលឿនខ្លាំងពេក ទើបរេចង្កូតទៅបុករបាំងថ្ម និង ដើមឈើ បណ្ដាលឲ្យអ្នកបើក ឈ្មោះ វ៉ី ដេង ជាង (Wei Deng Jiang)អាយុ៥២ឆ្នាំ រងរបួសស្រាល និង រថយន្ដបង្កបានខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និង យករថយន្ដបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ ដោយឡែក អ្នកបើកបររថយន្ដបង្ក ត្រូវបានគេបញ្ជូនទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ៕