ជនសង័្សយមួយក្រុម កាន់តែព្រហើន លបបើកទ្វាររថយន្ដលួចកាំភ្លើងខ្លីរបស់សមត្ថកិច្ច

03-កក្តដា-2024 - ម៉ោង 05:35:PM



រាជធានីភ្នំពេញ៖ ជនសង័្សយមួយក្រុម តែងតែឆក់ឱកាស ដើរធ្វើសកម្មភាពបើកទ្វាររថយន្ដរបស់ប្រជាពលរដ្ឋ នៅតាមផ្លូវ លួចយកទ្រព្យសម្បត្ដិ ហើយអ្វីដែលពួកគេកាន់តែព្រហើនថែមទៀតនោះ គឺបានលួចយកកាំភ្លើងខ្លីរបស់សមត្ថកិច្ច ចេញពីរថយន្ដ ប៉ុន្ដែសកម្មភាពរបស់ពួកគេ ក៏អស់លក្ខណ៍ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និង ឃាត់ខ្លួនបានជាបន្ដបន្ទាប់ កាលពីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្ដខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីមន្រ្ដីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា នៅមុនពេលឈានដល់ការបង្ក្រាបលើករណីនេះ មានជនសង័្សយមួយក្រុម តែងតែឆក់ឱកាសដើរធ្វើសកម្មភាព ខណៈអ្នកដំណើរបានជួបនឹងគ្រោះថ្នាក់ផ្សេងៗ បន្លំលួចទ្រព្យសម្បត្ដិរបស់ពលរដ្ឋ និង លួចបើករថយន្ដចតនៅតាមដងផ្លូវ ដើម្បីយកទ្រព្យរបស់។ លុះមកដល់យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពួកគេបាននាំគ្នា មកលួចកាំភ្លើងមួយដើម ចេញពីរថយន្តរបស់មន្រ្ដីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននរគបាលរាជធានី ដែលបានចតនៅតាមផ្លូវលេខ៥០ម៉ែត្រ នៅត្រង់ចំណុចភ្លើងស្តុបឫស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រោយពេលកើតមានករណីជាបន្ដបន្ទាប់បែបនេះ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការគ្នា ជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និង សមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និង ឃាត់ខ្លួនបានជាបន្ដបន្ទាប់ ចំនួន៤នាក់ នៅក្នុងចំណោម៥នាក់។ ប៉ុន្ដែក្រោយពេលឃាត់ខ្លួនបានភ្លាមៗនោះ សមត្ថកិច្ចទើបនឹងស្គាល់អត្ដសញ្ញាណរបស់ជនសង័្សយម្នាក់ ឈ្មោះ សួង បុរិន អាយុ៣៨ឆ្នាំ មានកាន់កាតកាសែតរបស់អង្គភាពគេហទំព័រនគរប៉ុស្តិ៍ធីវីអនឡាញ ហើយស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និង មានទីលំនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ខណៈបក្ខពួកម្នាក់ទៀត កំពុងតែរត់គេចខ្លួន។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់មន្រ្ដីជំនាញ ដើម្បីសាកសួរ និង កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕