យុវជនម្នាក់ បើកម៉ូតូធំលឿន បុកបង្គោលភ្លើងអស់ជីវិតខ្លួនឯង

02-កក្តដា-2024 - ម៉ោង 10:44:AM

 

រាជធានីភ្នំពេញ៖ យុវជនម្នាក់បានបើកម៉ូតូណៃហកយ៉ាងលឿន រេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យបាត់បង់ជីវិតខ្លួនឯង បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ គេបានឃើញបុរសម្នាក់ ជិះម៉ូតូ ម៉ាកណៃហក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-0291 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវ៥០ម៉ែត្រ។ លុះពេលជនរងគ្រោះបានធ្វើដំណើរមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែម៉ូតូរបស់គាត់ បានរេចង្កូតទៅបុកបង្គោលភ្លើង នៅតាមចិញ្ចើមផ្លូវ ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យបាត់បង់ជីវិតមួយរំពេច។

សមត្ថកិច្ច បានឲ្យដឹង ថា ជនរងគ្រោះ ឈ្មោះ ឈាង ដេវីដ មានទីលំនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ដឹកយកសាកសពទៅតម្កល់ទុក នៅក្នុងវត្ដសំបួរមាស ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម