គួរឲ្យអាសូរខ្លាំងណាស់! បុរសម្នាក់បើកម៉ូតូដេញចាប់ចោរ ដួលបោកក្បាល អស់ជីវិតខ្លួនឯង

29-មិថុនា-2024 - ម៉ោង 09:33:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូយ៉ាងលឿន ដេញតាមចាប់ចោរ ដែលកំពុងតែបើកម៉ូតូរត់គេចខ្លួន បណ្ដាលឲ្យដួលម៉ូតូបោកទៅលើថ្នល់ បែកក្បាលស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង ៣១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីបុរសម្នាក់ បានអះអាង ថា នៅមុនពេលកើតហតុ គាត់បានឮសំឡេងស្រែកពីចម្ងាយ ស្រែកថា ចោរៗ ខណៈមានបុរសម្នាក់បានបើកម៉ូតូ ម៉ាកស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1HU-0904 យ៉ាងលឿន ដេញតាមមនុស្ស២នាក់ កំពុងតែជិះម៉ូតូគេចខ្លួន។ លុះពេលជនរងគ្រោះបានបើកម៉ូតូ មកដល់ចំណុចកើតហេតុ ស្រាប់តែដួលម៉ូតូបោកទៅលើថ្នល់ បណ្ដាលឲ្យបាត់បង់ជីវិតមួយរំពេច ស្របពេលជនសង័្សយ ដែលគេបានចោទថាចោរនោះ បានគេចខ្លួនបាត់ស្រមោល។ បើទោះជាយ៉ាងណា អ្នកឃើញហេតុការណ៍នោះ ក៏មិនបានដឹង ថា ជនរងគ្រោះដែលបានដេញតាមចាប់ចោរនោះ ក៏មិនដឹង ថា ពួកចោរបានលួច ឬឆក់ទ្រព្យរបស់អ្វីនោះដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ស្រាវជ្រាវស្វែងរកសាច់ញាតិ ឬ ក្រុមគ្រួសារមកទទួលយកសាកសពរបស់ជនរងគ្រោះ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម