បុរសម្នាក់ បើកត្រាក់ទ័រភ្ជួរដីកិនចំពីលើមីន ផ្ទុះប៉ើងដូចស្លឹក

25-មិថុនា-2024 - ម៉ោង 02:42:PM

ខេត្តព្រះវិហារ៖ បុរសវ័យកណ្ដាលម្នាក់ បានបើកត្រាក់ទ័រភ្ជូរដី ស្រាប់តែជួបនឹងគ្រោះចង្រៃ កិនចំពីលើមីនតោន បណ្ដាលឲ្យផ្ទុះលាន់កក្រើកដី រងរបួសធ្ងន់ និង ខូចខាតត្រាក់ទ័រយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចខាងលិចទួល៤២ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដី នៅក្នុងចំណុចកើតហេតុ។ ជាចៃដន្យ គាត់បានបើកត្រាក់ទ័រកិនចំពីលើមីនតោន ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម បណ្ដាលឲ្យផ្ទុះប៉ើកត្រាក់ទ័រ ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ខណៈអ្នកបើក បានរងរបួសធ្ងន់។

សមត្ថកិច្ច បានឲ្យដឹង ថា ជនរងគ្រោះ ឈ្មោះ អុល ស៊ីម អាយុ៤២ឆ្នាំ ជាអ្នករស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ប៉ុន្តែបច្ចុប្បន្នគាត់បានមកស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលបឋម នៅមន្ទីរពេទ្យសម្តេច ជា ស៊ីម ស្រអែម (ឬពេទ្យអគ្គ) ហើយក្រោយក៏បានបញ្ជូនបន្តទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

ស្របគ្នានេះដែរ អាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ ហើយត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន នៅមុនពេលបើកគ្រឿងចក្រចូលតំបន់នោះ។ ម្យ៉ាងវិញទៀត ប្រសិនបើបងប្អូនឃើញមីន ឬ គ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់វា ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

ពត័មានពេញនិយម