បុរសម្នាក់គាស់ឃើញរង្វាន់អរខ្លាំងពេក លេបក្រវិលកំប៉ុងចូលក្នុងពោះបាត់ ចាប់ផ្ដើមភ័យសភ្នែក

10-កក្តដា-2024 - ម៉ោង 02:31:PM

 

ខេត្តកំពង់ចាម៖ បុរសម្នាក់មានអារម្មណ៍ចង់ផឹកភេសជ្ជៈមួយកំប៉ុង ក៏ដើរទៅទិញ ស្រាប់តែគាស់ភ្លាម បង្ហើបឃើញក្រវិលកំប៉ុងមានរង្វាន់ ក៏ត្រេកអរយ៉ាងខ្លាំង រហូតភ្លេចខ្លួន ក៏លេបក្រវិលកំប៉ុងនោះ ចូលបាត់ទៅក្នុងពោះ បង្កឲ្យភ័យស្លន់ស្លោមួយរំពេច កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងខេត្តកំពង់ចាម។

បើតាមការបង្ហោះនៅលើបណ្ដាញសង្គម បានឲ្យដឹង ថា មានបុរសម្នាក់ បានទិញភេសជ្ជៈខារ៉ាបាវ ចំនួនមួយកំប៉ុង យកមកផឹក។ លុះពេលគាត់បានគាស់ក្រវិលកំប៉ុងឡើង ក៏ឃើញត្រូវរង្វាន់ចំនួន១កំប៉ុង ធ្វើឲ្យគាត់សប្បាយចិត្ត ហើយបាននិយាយលេងសើចបណ្ដើរ ទំនងជាអរផង ក៏ច្រឡំលេបក្រវិលកំប៉ុងនោះ ចូលក្នុងពោះបាត់។ បន្ទាប់មក គាត់បានចាប់ផ្ដើមភ័យយ៉ាងខ្លាំង ព្រោះគាត់មានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន។

ក្រោយពេលហេតុ ក្រុមគ្រួសារ និង សាច់ញាតិ បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យជំនាញ បានចាប់ផ្ដើមជួយសង្គ្រោះដល់ជនរងគ្រោះ ដោយវះកាត់យកក្រវិលកំប៉ុងនោះចេញ ប្រកដោយសុវត្ថិភាព ធ្វើឲ្យគាត់រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕

ពត័មានពេញនិយម