បុរសម្នាក់ រពឹសដៃខុសទំនង ជាប់ខ្នោះរបស់សមត្ថកិច្ច

10-កក្តដា-2024 - ម៉ោង 02:28:PM

 

ខេត្តព្រះសីហនុ៖ ពាក្យចាស់លោក​​ពោលថា «រពឹសដៃផ្ទៃឆ្អែត» ហើយពាក្យនេះមានន័យសម្រាប់តែអ្នកឧស្សាហ៍ព្យាយាម នៅក្នុងកិច្ចការងារចិញ្ចឹមជីវិត ទើបទទួលបានផលល្អមកវិញ ប៉ុន្ដែផ្ទុយទៅវិញ បុរសម្នាក់នេះ បែរជារពឹសដៃខុសទំនង ដើរកាច់ផ្កា និង កូនឈើ ដែលអាជ្ញាធរខេត្តព្រះសីហនុ បានដាំ សម្រាប់លម្អទីក្រុង និង បង្កើតទេសភាពធម្មជាតិដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ទើបសមត្ថកិច្ចបានចុះទៅឃាត់ខ្លួន នាំមកចាត់ការតាមច្បាប់ កាលពីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្ដសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្រ្ដីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹង ថា នៅមុនពេលឃាត់ខ្លួននោះ រដ្ឋបាលខេត្តព្រះសីហនុ បានដាំកូនក្ងោក និង ផ្កា នៅតាមឆ្នេរសមុទ្រ និង តាមផ្លូវសាធារណៈ សម្រាប់លម្អទីក្រុង ហើយវាកំពុងតែលូតលាស់យ៉ាងល្អ។ ប៉ុន្ដែក្រោយមក កូនដើមក្ងោក និង ដើមផ្កា ដែលទើបនឹងដាំទាំងនោះ តែងតែមានជនមិនស្គាល់អត្ដសញ្ញា លួចកាច់បំផ្លាញជាបន្ដបន្ទាប់ ទើបសមត្ថកិច្ចមូលដ្ឋានបានតាមឃ្លាំមើល។ លុះមកដល់វេលាកើតហេតុ មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ក៏បានប្រទះឃើញបុរសម្នាក់នេះ កំពុងតែដើរតាមបណ្ដោយផ្លូវបណ្ដើរ និង យកដៃទៅកាច់បំផ្លាញកូនដើមក្ងោកនោះ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួចមកហើយ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនបុរសម្នាក់នោះ មកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និង ចាត់ការបន្ដតាមនីតិវិធី៕

ពត័មានពេញនិយម