ទាហានរបបសឹកមីយ៉ាន់ម៉ា វាយប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមឧទ្ទាមនៅក្នុងរដ្ឋសាន ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រត់ចោលផ្ទះសម្បែង

10-កក្តដា-2024 - ម៉ោង 02:22:PM

 

រដ្ឋធានីណៃពិដោរ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ការវាយប្រយុទ្ធគ្នា រវាងកម្លាំងទាហានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និង ក្រុមចលនាតស៊ូប្រឆាំងនឹងរបបសឹក កំពុងតែមានសភាពខ្លាំងក្លាឡើង នៅពាសពេញតំបន់ភាគខាងជើង នៃទីក្រុងធំរបស់រដ្ឋសាន ដោយបានបង្ខំឲ្យអ្នករស់នៅក្នុងទីក្រុងមួយនេះ មានចំនួនប្រហែលជាង ៣៥ ០០០នាក់ បានរត់ចោលផ្ទះសម្បែង។

សារព័ត៌មានរបស់ភូមា The Irrawaddy បានរាយការណ៍ កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានផ្ទុះឡើង នៅពាសពេញទីក្រុងជាច្រើន នៅក្នុងរដ្ឋសាន (Shan) មានដូចជា៖ ទីក្រុងឡាស៊ីអូ (Lashio) ដែលជាទីក្រុងដ៏ធំបំផុតរបស់រដ្ឋសាន, ទីក្រុងស៊ីផាវ (Hsipaw), ទីក្រុងក្យូកមេ (Kyaukme), ទីក្រុងម៉ុងមីត (Mongmit) និង នៅតាមទីក្រុងចំនួន២ផ្សេង នៃតំបន់ម៉ាន់ដាឡៃ (Mandalay) រួមមាន៖ ទីក្រុងណងក្យូ (Nawnghkio) និង ទីក្រុងម៉ូហ្គោក ( Mogok)។ ការវាយប្រយុទ្ធគ្នា អស់រយៈពេលជាង២ថ្ងៃកន្លងមកនេះ បានបង្ខំឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ា មានចំនួនរាប់ម៉ឺននាក់ រត់ចោលផ្ទះសម្បែងរបស់ពួកគេ។

ក្រុមឧទ្ទាមប្រឆាំងនឹងរបបគ្រប់គ្រងដោយពួកយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានប្រកាសខ្លួនឯងជា កងទ័ពសម្ពន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា ហៅកាត់ MNDAA និង ក្រុមសម្ពន្ធភាពរបស់ពួកគេ បានវាយប្រហារដណ្ដើមកាន់កាប់ទីបញ្ជាការលេខ៥០៧របស់កងវរសេនាតូចថ្មើងជើង នៃទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មានមូលដ្ឋាននៅភូមិណាមផង ស្ថិតក្នុងទីក្រុងឡាស៊ីអូ កាលពីវេលាម៉ោង៧យប់ ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤។

អ្នករស់នៅទីក្រុងឡាស៊ីអូ បានរាយការណ៍ ថា យន្ដហោះចម្បាំងជាច្រើនគ្រឿងរបស់រដ្ឋាភិបាលយោធា បានទម្លាក់គ្រាប់បែកយ៉ាងច្រើន ចូលមកក្នុងទីក្រុង និង នៅជុំវិញតំបន់នេះ កាលពីព្រឹក ថ្ងៃចន្ទ ទី៨ ខែកក្កដា ខណៈការវាយប្រយុទ្ធដ៏ខ្លាំងក្លា កំពុងតែបន្ដ នៅមូលដ្ឋានយោធាមួយនេះ និង នៅក្នុងសង្កាត់២មានព្រំដែនជាប់គ្នានេះ។ ដោយឡែក បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋាភិបាល បានអះអាង ថា កងទ័ពរដ្ឋាភិបាលបានរំដោះបន្ទាយយោធារបស់ខ្លួនវិញហើយ ប៉ុន្ដែក្រុមចលនាតស៊ូ MNDAA នៅមិនទាន់បានបញ្ជាក់ នៅឡើយ។

អ្នករស់នៅទីក្រុងម្នាក់ បានអះអាង ថា ស្ថានការណ៍នៅទីក្រុងឡាស៊ីអូនេះ កំពុងតែស្ថិតក្នុងសភាពគួរភ័យខ្លាចបំផុត។ រីឯការវាយប្រហារគ្នា កំពុងតែបន្ដកើនឡើងកាន់តែខ្លាំង ឬ រាលដាលទៅកាន់តំបន់ផ្សេងៗពាសពេញទីក្រុងនេះ។ ឥឡូវ ប្រជាពលរដ្ឋ ភាគច្រើន កំពុងតែជាប់នៅតាមផ្លូវ តភ្ជាប់ពីទីក្រុងឡាស៊ីអូ ឆ្ពោះទៅកាន់ទីក្រុងជិតខាង។ ការវាយប្រហារពាសពេញតំបន់របស់ជនស៊ីវិលរស់នៅ អស់រយៈពេល២ថ្ងៃមកនេះ កំពុងតែបង្ខំឲ្យអ្នកស្រុក ជាង៣៥០០០នាក់ នៅក្នុងទីក្រុងចំនួន៥ ត្រូវតែបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ៕

ពត័មានពេញនិយម