ខេត្តមណ្ឌលគិរីមានបឹងសប្បនិមិត្តធំមួយដែលនិងផ្តល់ប្រយោជន៍ដល់មនុស្សរាប់មុឺននាក់

10-កក្តដា-2024 - ម៉ោង 02:21:PM

 

មណ្ឌលគិរី៖ នៅក្នុងខេត្តមណ្ឌលគិរី បានលេចចេញនូវសមិទ្ធផលថ្មីមួយ ដែលបានធ្វើឱ្យប្រជាពលរដ្ឋរីក រាយ នោះគឺទំនប់ទឹកអូរទេរ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ។ ទំនប់ទឹកអូរទេរ មាន សមត្ថភាពអាចផ្ទុកទឹកបានជាង៥០លានម៉ែត្រគូប គឺជាបឹងសិប្បនិមិត្តធំបំផុតក្នុងខេត្ត ដែលនឹងផ្ដល់អត្ថ ប្រយោជន៍ដល់មនុស្សរាប់ម៉ឺននាក់ ។

លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានឱ្យដឹងថា ទំនប់ទឹកអូរទេរ ត្រូវបានសិក្សា និងស្ថាបនាតាម លក្ខណៈបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពផ្ទុកទឹកជាង៥៤លានម៉ែត្រគូប សាងសង់លើផ្ទៃដីជាង៣០ ហិកតា។ ទំនប់អូរទេរ បានប្រើប្រាស់ថវិការដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក សម្រាប់បម្រើប្រ យោជន៍ប្រជាពលរដ្ឋរាប់ម៉ឺននាក់ក្នុងតំបន់ស្រុកអូររាំង និងក្រុងសែនមនោរម្យ ដោយផ្ដល់ទឹកស្អាត និង ប្រភពទឹកសម្រាប់ស្រោចស្រពដំណាំផ្សេងៗ ។

លោកបានបញ្ជាក់ថា ទំនប់អូរទេរ ត្រូវបានសាងសង់ដោយមិនធ្វើឱ្យមានការប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថានទេ ដោយសារលក្ខណៈភូមិសាស្ត្រទីនោះ ស្ថិតក្នុងតំបន់បាតអូរ និងមិនមានដើមឈើធំៗត្រូវ កាប់បំផ្លាញឡើយ ។

អភិបាលស្រុកអូររាំង បានបញ្ជាក់ទៀតថា ទំនប់ទឹកអូរទេរ ក្រៅតែជាប្រភពទឹកស្អាតដ៏ធំសម្រាប់ខេត្ត មណ្ឌលគិរីនោះ វាថែមទាំងជាតំបន់ទេសចរណ៍ថ្មីមួយទៀតដែរសម្រាប់ស្រុកអូររាំង ដោយសារតំបន់នេះ មានសក្តានុពលល្អ និងមានប្រព័ន្ធផ្លូវបេតុងហ៊ុមព័ទ្ធធំទូលាយ។

សូមបញ្ជាក់ផងដែរថា មន្ត្រីជំនាញបានធ្វើការសិក្សារួចរាល់ ដើម្បីត្រៀមរៀបចំប្រព័ន្ធចែកចាយទឹកស្អាត ចេញពីទំនប់ទឹកអូរទេរ ដែលមិនយូរនោះទេ ប្រជាពលរដ្ឋ នឹងអាចប្រើប្រាស់ទឹកស្អាតពីប្រព័ន្ធថ្មីនេះ។ បច្ចុប្បន្ន ខេត្តមណ្ឌលគិរី ក៏មានទំនប់ស្តុកទឹកធំពីរក្នុងក្រុងសែនមនោរម្យ គឺទំនប់ទឹកសែនសុខដុម និង ទំនប់សែនមនោរម្យ ប៉ុន្តែរៀងរាល់រដូវប្រាំង ទំនប់ទាំងពីរ គឺប្រឈមនឹងបញ្ហាកង្វះខាតទឹក ៕

ពត័មានពេញនិយម