រាជធានីភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹង ថា៖ សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ ក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ និង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូត ដល់ស្តុបនាគបាញ់ទឹក) និង កំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និង ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ពិធីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរ ឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ…៕