រាជធានីភ្នំពេញ ៖ ម៉ូតូ២គ្រឿង សុទ្ធតែប្រញាប់ទៅឲ្យដល់គោលដៅរៀងៗខ្លួន ដោយភាគីម្ខាងៗបានបើកបរក្នុងល្បឿនដូចគ្នានិងវ៉ាជែងដូចគ្នា ប៉ុន្តែផ្ទុយទៅវិញមិនអាចបានទៅដល់គោលដៅតាមបំណងប្រាថ្នានោះឡើយ ។ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះនៅលើទ្រូងផ្លូវ បណ្ដាលឲ្យដួលរងការខូចខាត និងរងរបួសទាំងសងខាងធ្ងន់៣នាក់និងស្រាលម្នាក់ ដេករដូលរណែលពេញផ្លូវ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតវត្តកំបូល ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលរងរបួសទាំងអស់ខាងលើនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះ២នាក់ប្ដីប្រពន្ធជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HD-0198 សន្លប់ធំទាំង២នាក់ ។ ចំណែកភាគីម្ខាងទៀតមានគ្នា២នាក់ដែរ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខកំពង់ស្ពឺ1V-9782 រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។
បើតាមបុរសម្នាក់បាននិយាយថា នៅមុនពេលកើតហេតុខណៈដែលគាត់កំពុងដើរតាមផ្លូវនោះ បានឃើញម៉ូតូទាំង២គ្រឿងបើកបរធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា ។ ដោយម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ជិះគ្នា២នាក់ប្ដីប្រពន្ធធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ជិះគ្នា២នាក់ដូចគ្នាបើកបរក្នុងទិសដៅពីកើតទៅលិច ។
បុរសខាងលើបាននិយាយបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូទាំង២គ្រឿងនោះបានវ៉ាជែងយានយន្តនៅខាងមុខចូលទៅកណ្ដាលទ្រូងផ្លូវរៀងៗខ្លួន ហើយក៏បានបុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យដួលរងការខូចខាត និងរងរបួសទាំងសងខាងតែម្ដង ។ បន្ទាប់មកភាគីម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ត្រូវបានក្រុមគ្រួសារនាំទៅសង្រ្គោះនៅពេទ្យឯកជនមួយ ចំណែកភាគីម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពីរនាក់ប្ដីប្រពន្ធត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កំបូល និងនគរបាលចរាចរណ៍ខណ្ឌកំបូល បានចុះទៅធ្វើការសម្រួលចរាចរមិនឲ្យមានការកកស្ទះ រួចធ្វើការវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿងដែលរងការខូចខាតដូចគ្នា ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕